ឧត្តមសេនីយជាន់ខ្ពស់របស់ប្រទេសឥណ្ឌា បាននិយាយនៅថ្ងៃសៅរ៍ (ទី៣១ ខែឧសភា)នេះថា ប្រទេសឥណ្ឌា បានផ្លាស់ប្តូរយុទ្ធសាស្ត្រ បន្ទាប់ពីទទួលរងការខាតបង់នៅលើអាកាសនៅថ្ងៃដំបូងនៃជម្លោះជាមួយប៉ាគីស្ថាន កាលពីដើមខែនេះ ហើយបានបង្កើតគុណសម្បត្តិយ៉ាងម៉ឺងម៉ាត់ មុនពេលប្រទេសជិតខាង បានប្រកាសបទឈប់បាញ់ បីថ្ងៃក្រោយមកនោះ។

ការប្រយុទ្ធគ្នាខ្លាំងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍រវាងឥណ្ឌា និងប៉ាគីស្ថានប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ត្រូវបានបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ដោយបានសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរ។ ទីក្រុងញូវដែលី បានស្តីបន្ទោសឧបទ្ទវហេតុនេះទៅលើ «ក្រុមភេរវករ» គាំទ្រដោយប៉ាគីស្ថាន ជាការចោទប្រកាន់ដែលត្រូវបានបដិសេធដោយទីក្រុងអ៊ីស្លាម៉ាបាដ។
កាលពីថ្ងៃទី ០៧ ខែឧសភា យន្តហោះបស់ឥណ្ឌា បានទម្លាក់គ្រាប់បែកលើអ្វីដែលទីក្រុងញូវដែលីហៅថា «ហេដ្ឋារចនាសម្ព័ន្ធរបស់ភេរវករ» នៅតាមព្រំដែន។ ប្រទេសប៉ាគីស្ថាន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះឥណ្ឌាចំនួន ៦គ្រឿង ក្នុងនោះមានយន្តហោះចម្បាំង Rafale យ៉ាងតិច បីគ្រឿង នៅក្នុងការប៉ះទង្គិចគ្នាដំបូង។
បទឈប់បាញ់ ត្រូវបានប្រកាសនៅថ្ងៃទី ១០ ខែឧសភា បន្ទាប់ពីការប្រយុទ្ធគ្នាដ៏ជូរចត់ ដែលភាគីទាំងពីរបានប្រើយន្តហោះចម្បាំង មីស៊ីល យានដ្រូន និងកាំភ្លើងធំ។
