ក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅកណ្តាលក្រុងទ្រីប៉ូលី កាលពីថ្ងៃសុក្រ រយៈពេល ៣សប្តាហ៍ ជាប់ៗគ្នា ដើម្បីទាមទារនាយករដ្ឋមន្រ្តីដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ លោក Abdulhamid Dbeibah លាលែងពីតំណែង បន្ទាប់ពីការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ នៅក្នុងរដ្ឋធានីនៃប្រទេសលីប៊ី។
ក្រុមបាតុករ បានស្រែកថា «លោក Dbeibah ចុះចេញពីតំណែងទៅ» ប្រជាជនចង់ឲ្យរដ្ឋាភិបាលនេះដួលរលំ និង «ប្រទេសលីប៊ីមានស្ថិរភាពយូរអង្វែង»។
យ៉ាងហោចណាស់មនុស្ស ២០០នាក់ បានប្រមូលផ្តុំគ្នា នៅរសៀលថ្ងៃដដែល ហើយក្រោយមកមានអ្នកចូលរួមរាប់រយនាក់ទៀត។ អ្នកខ្លះបានស្រែកបន្ទរពាក្យស្លោកតាមឧបករណ៍បំពងសំឡេងពីរថយន្តរបស់ពួកគេ។
ប្រទេសលីប៊ី ត្រូវបានបែងចែករវាងរដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ នៅទីក្រុងទ្រីប៉ូលី ដែលដឹកនាំដោយលោក Dbeibah និងរដ្ឋបាលគូប្រជែងនៅភាគខាងកើតដែលគ្រប់គ្រងដោយគ្រួសាររបស់អតីតមេដឹកនាំយោធាលោក Khalifa Haftar។
ប្រទេសអាហ្រ្វិកខាងជើងនេះ បានបែកបាក់គ្នាកាន់តែជ្រៅឡើង ចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូឆ្នាំ ២០១១ ដែលបានផ្តួលរំលំនិងសម្លាប់មេដឹកនាំកាន់តំណែងយូរលោក Muammar Qaddafi។