ភ្នំពេញ៖ សហគមន៍កសិកម្មតាសីសាមគ្គី នឹងនាំចេញបន្លែទៅប្រទេសសឹង្ហបុរីកក្នុងពេលឆាប់ៗ និងពង្រីកកានាំចេញទៅកាន់ ប្រទេសផ្សេងៗទៀត ខណៈសហគមន៍មួយនេះកំពុងជម្រុញផលិតកម្មប្រកបដោយសក្តានុពល គុណភាព និងអនាម័យខ្ពស់។
លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង់ បានថ្លែងប្រាប់ ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការជម្រុញនាំចេញផលិតផលសិកម្ម នៅថ្ងៃទី២០ ខែធ្នូឆ្នាំ២០២១នេះថា ទាក់ទងនឹងការដាំដុះបន្លែ សុវត្ថិភាព សមាជិកសហគមន៍ទាំងអស់កំពុងដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជាង២០មុខរួមមាន, ស្ពៃខៀវ ស្ពៃបូកគោ ស្ពៃក្ដោប ស្ពៃក្រញាញ់ខ្មែរ ស្ពៃហាង ស្ពៃតឿ ស្ពៃក្រញាញ់ផ្អែមម៉ាទ្បេស៊ី ស្ពៃចង្កឹះ ខាត់ណាដើម ខាត់ណាផ្កា ត្រសក់ ត្រឡាច ជីរណា និងប៉េងបោះជាដើម។
នៅក្នុងឆ្នាំ២០២១នេះ ការដាំដុះកើនឡើង និងបានផ្គត់ផ្គង់ទៅកាន់ទីផ្សារ រាជធានីភ្នំពេញ ក្នុងមួយថ្ងៃៗ២ទៅ ៣តោន គិតជាមធ្យមក្នុងមួយខែៗ បាននាំចេញប្រមាណជាង ៧០តោន ខណៈការនាំចេញនៅក្នុងឆ្នាំ ២០២០ ក្នុងមួយខែៗបានត្រឹម ៣០ ឬជាង ៣០តោនប៉ុណ្ណោះ។
ជុំវិញទីផ្សារបន្លែនេះដែរ, លោក ណុប នុន បានថ្លែងឲ្យដឹងថា ដោយសារសហគមន៍មានការដាំដុះកើនឡើង ជាផលិតផល ប្រកបដោយគុណភាព និងមានអនាម័យខ្ពស់។បច្ចុប្បន្នអង្គកាហាវេស២ បានកំពុងសម្របសម្រួលរវាងសហគមន៍ និងក្រុមហ៊ុននាំចេញ ផលិតកសិកម្ម តាមរយៈនេះសហគមន៍សង្ឃឹមថា បន្លែត្រកួនរបស់កម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារសឹង្ហបុរីក្នុងពេលឆាប់ៗ និងពង្រីកទៅកាន់ទីផ្សារប្រទេសផ្សេងទៀត។
សហគមន៍កសិកម្មតាសីសាមគ្គី បានចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅឆ្នាំ២០១៧ បច្ចុប្បន្នសមាជិកកើនឡើងរហូតដល់ទៅ ១២៩ គ្រួសារ (ស្រ្តី៣៥នាក់) មានផ្ទៃដីដាំដុះបន្លែ ៣៧ហត មានភាគហ៊ុន ចំនួន ៩០១ ហ៊ុនទុនកើន ឡើងដល់ទៅ ៥២ លានរៀល ។
សូមបញ្ជាក់ថា៖ ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២១ នេះ កម្ពុជាបានចេញបន្លែចម្រុះមានចំនួនជាង ៩៣ តោន ថយចុះជាង -៥%៕
អត្ថបទ៖ សុន រ៉ាឌី