ក្រុមអាជ្ញាធររុស្ស៊ី បាននិយាយនៅព្រឹកថ្ងៃអាទិត្យ (០១ មិថុនា) នេះថា ស្ពានចំនួនពីរខ្សែបានបាក់រលំនៅក្នុងតំបន់ចំនួនពីរផ្សេងគ្នារបស់ប្រទេសរុស្ស៊ី នៅជាប់ព្រំដែនប្រទេសអ៊ុយក្រែន បណ្ដាលឱ្យរថភ្លើងធ្លាក់ចេញពីបណ្ដាញផ្លូវធ្វើដំណើរ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ បង្ករបួសដល់មនុស្សរាប់សិបនាក់។

ពុំទាន់មានការបញ្ជាក់ដោយឯករាជ្យឡើយថា តើឧប្បត្តិហេតុនៅក្នុងតំបន់ជិតខាងទាំងពីរនេះមានទំនាក់ទំនងគ្នាឬយ៉ាងណាទេ។ តំបន់នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីទាំងនេះ ត្រូវបានទទួលរងការវាយប្រហារជាញឹកញាប់ដោយអ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាមរវាងភាគីទាំងពីរ៕


