ក្រុមអាជ្ញាធររុស្ស៊ី បាននិយាយនៅព្រឹកថ្ងៃអាទិត្យ (០១ មិថុនា) នេះថា ស្ពានចំនួនពីរខ្សែបានបាក់រលំនៅក្នុងតំបន់ចំនួនពីរផ្សេងគ្នារបស់ប្រទេសរុស្ស៊ី គឺតំបន់ Bryansk និង Kursk នៅជាប់ព្រំដែនប្រទេសអ៊ុយក្រែន បណ្ដាលឱ្យរថភ្លើងធ្លាក់ចេញពីបណ្ដាញផ្លូវធ្វើដំណើរ និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ បង្ករបួសដល់មនុស្សរាប់សិបនាក់ ខណៈអ្នកនយោបាយរុស្ស៊ីមួយរូបចោទដាក់ទីក្រុងគីវ ថាជា "ក្រុមភេរវករ"។
ពុំទាន់មានការបញ្ជាក់ដោយឯករាជ្យឡើយថា តើឧប្បត្តិហេតុនៅក្នុងតំបន់ជិតខាងទាំងពីរនេះមានទំនាក់ទំនងគ្នាឬយ៉ាងណាទេ។ គួរឱ្យដឹងថា តំបន់នៅភាគខាងត្បូងរបស់រុស្ស៊ីទាំងពីរនេះ បានរងការវាយប្រហារជាញឹកញាប់ដោយអ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាមអាយុកាលជាង ៣ឆ្នាំរវាងភាគីទាំងពីរ។

ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី និងក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា មនុស្ស ៧នាក់បានស្លាប់ និងយ៉ាងតិច ៦៩នាក់បានរងរបួស នៅពេលស្ពានផ្លូវហាយវេមួយកន្លែងបានបាក់រលំទៅលើផ្លូវដែក បញ្ដាលឱ្យររថភ្លើងរអិលចេញពីផ្លូវដែលចូលទៅជិតក្នុងតំបន់ Bryansk កាលពីល្ងាចថ្ងៃសៅរ៍។
ចំណែកហេតុការណ៍បាក់រលំស្ពាននៅក្នុងតំបន់ Kursk បានកើតឡើងនៅព្រឹកថ្ងៃអាទិត្យនេះ ខណៈរថភ្លើងដឹកទំនិញកំពុងឆ្លងកាត់ស្ពាននោះ បណ្ដាលឱ្យអ្នកបើកបរយ៉ាងតិចម្នាក់បានរងរបួស នេះបើតាមការលើកឡើងរបស់លោក Alexander Khinshtein អភិបាលស្តីទីនៃតំបន់ និងផ្លូវដែករុស្ស៊ី នៅលើកម្មវិធីផ្ញើសារតេលេក្រាម។
លោក Andrei Klishas សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសហព័ន្ធ សភាជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា ឧប្បត្តិហេតុនៅតំបន់ Bryansk បង្ហាញថា "អ៊ុយក្រែនបានបាត់បង់លក្ខណៈរបស់រដ្ឋជាយូរមកហើយ ហើយបានក្លាយទៅជាក្រុមភេរវករ"៕


