ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសៅរ៍ (៣១ ឧសភា) ថា ខ្លួនកំពុងស្វះស្វែងរកការកែប្រែចំពោះសំណើដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់បណ្តោះអាសន្នជាមួយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ប៉ុន្តែបេសកជនរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff បានច្រានចោលការឆ្លើយតបរបស់ក្រុមនេះថា "មិនអាចទទួលយកបានទាល់តែសោះ"។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះនិយាយថា ខ្លួនសុខចិត្តដោះលែងចំណាប់ថ្នូរនៅរស់ ១០នាក់ និងប្រគល់សាកសពអ្នកស្លាប់ ១៨នាក់ ដោះដូរនឹងអ្នកទោសប៉ាឡេស្ទីនជាច្រើនក្នុងពន្ធនាគារអ៊ីស្រាអែល។ ប៉ុន្តែក្រុមហាម៉ាស អះអាងជាថ្មីនូវការទាមទារឱ្យបញ្ចប់សង្គ្រាមហ្កាហ្សា និងការដកទ័ពអ៊ីស្រាអែល ចេញពីតំបន់ដែនដីនេះ នៅក្នុងលក្ខខណ្ឌដែលអ៊ីស្រាអែល បានច្រានចោល។

មន្ត្រីក្រុមហាម៉ាស បានពណ៌នាការឆ្លើយតបរបស់ក្រុមនេះចំពោះសំណើពីរបស់ប្រេសិតពិសេសមជ្ឈិមបូព៌ា លោក Witkoff ថាមានភាព "វិជ្ជមាន" ប៉ុន្តែនិយាយថា ខ្លួនចង់ធ្វើការកែប្រែមួយចំនួន។ មន្ត្រីរូបនេះមិនបានបញ្ជាក់លម្អិតអំពីការផ្លាស់ប្តូរដែលចង់ធ្វើឡើងនោះទេ។
បន្ទាប់ពីទទួលបានការឆ្លើយតបរបស់ហាម៉ាស លោក Witkoff បានបង្ហោះសារលើបណ្ដាញសង្គម X ថា "នោះជារឿងមិនអាចទទួលយកបានទាល់តែសោះ និងជាជំហានថយក្រោយទៅវិញ"។ លោកបន្តថា "ក្រុមហាម៉ាស គួរតែទទួលយកសំណើក្របខ័ណ្ឌដែលបានដាក់ចេញជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សាជិតមកដល់ ដែលអាចចាប់ផ្តើមភ្លាមៗនៅសប្តាហ៍ខាងមុខនេះ"។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ខណៈពេលដែលរដ្ឋាភិបាលរបស់លោកបានយល់ព្រមលើគម្រោងរបស់លោក Witkoff ក្រុមហាម៉ាសបែរជាកំពុងបន្តបដិសេធផែនការរបស់ខ្លួន។ លោកបានព្រមានក្នុងសេចក្តីថ្លែងការណ៍មួយថា "អ៊ីស្រាអែល នឹងបន្តសកម្មភាពរបស់ខ្លួនសម្រាប់ការត្រឡប់មកវិញនៃចំណាប់ថ្នូរ និងការកម្ចាត់ក្រុមហាម៉ាស"៕

