ការវាយប្រហាររបស់អ៊ីស្រាអែល នៅជិតចំណុចចែកចាយជំនួយដែលគ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្កាហ្សា (GHF) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ នៅទីក្រុង Rafah ភាគខាងត្បូងដែនដីហ្កាហ្សាស្រ្ទីប នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA និងប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស នៅថ្ងៃអាទិត្យ (០១ មិថុនា) នេះ។
មិនមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែល លើការវាយប្រហារដែលបានរាយការណ៍នោះទេ ហើយ WAFA បាននិយាយថា មនុស្សជាង ១១៥ នាក់បានរងរបួសក្នុងហេតុការណ៍នោះ។ ក្រុមជំនួយ GHF ដែលក៏គាំទ្រដោយអ៊ីស្រាអែលផងដែរ ថ្មីៗនេះបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅហ្កាហ្សា។

ជនជាតិប៉ាឡេស្ទីនមួយចំនួនបានសម្តែងក្ដីបារម្ភចំពោះអព្យាក្រឹតភាពរបស់ទីភ្នាក់ងារជំនួយនេះ និងការត្រួតពិនិត្យជីវមាត្រ និងការឆែកឆេរផ្សេងៗទៀតដែលអ៊ីស្រាអែលបានធ្វើឡើង ខណៈក្រុមមន្រ្តីអ៊ីស្រាអែលនិយាយថា ខ្លួនបានអនុញ្ញាតឱ្យមានការត្រួតពិនិត្យអ្នកទទួលជំនួយ ដើម្បីដកចេញនូវនរណាម្នាក់ដែលរកឃើញថាមានទំនាក់ទំនងជាមួយក្រុមហាម៉ាស។
កាលពីថ្ងៃទី២៨ ឧសភា ក្រុមហាម៉ាស បានចោទអ៊ីស្រាអែលថាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣នាក់ និងបង្ករបួស ៤៦នាក់ នៅជិតកន្លែងចែកចាយរបស់ GHF ប៉ុន្តែក្រុមផ្តល់ជំនួយនោះបានបដិសេធ។ យោធាអ៊ីស្រាអែលក៏បាននិយាយផងដែរថា កងទ័ពរបស់ខ្លួនបានបាញ់ព្រមាននៅក្នុងតំបន់ខាងក្រៅបរិវេណចែកជំនួយ ដើម្បីបង្កើតការគ្រប់គ្រងឡើងវិញ ដោយសារប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានប្រញាប់ប្រញាល់សម្រុកទៅកាន់កន្លែងចែកស្បៀងអាហារនោះយ៉ាងវឹកវរ៕

