គណៈកម្មការអឺរ៉ុប បានព្រមានកាលពីថ្ងៃសៅរ៍ (៣១ ឧសភា) ថា អឺរ៉ុបបានត្រៀមលក្ខណៈសងសឹករួចជាស្រេច ប្រឆាំងនឹងផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដំឡើងពន្ធទ្វេដង លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដោយបង្កើនការរំពឹងទុកនៃសង្រ្គាមពាណិជ្ជកម្មកាន់តែខ្លាំងក្លាឡើងរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំងពីរ។

លោក Trump បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដល់ ៥០% ពីអត្រា ២៥% ពីមុន — ដែលនឹងចូលជាធរមាននៅថ្ងៃទី០៤ មិថុនា ខាងមុខនេះ— ដោយបង្កើនសង្គ្រាមពាណិជ្ជកម្មសកលរបស់លោកកាន់តែក្ដៅគគុកជាថ្មី ហើយបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានចោទប្រកាន់ចិន ថាបានរំលោភលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងការដកពន្ធទៅមក និងការរឹតបន្តឹងពាណិជ្ជកម្មសម្រាប់ធនធានរ៉ែសំខាន់ៗ។
គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនសោកស្តាយយ៉ាងខ្លាំងចំពោះផែនការរបស់លោក Trump ក្នុងការបង្កើនពន្ធ ដោយបន្ថែមថាជំហាននោះ "ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីឈានដល់ដំណោះស្រាយចរចា" និងបន្ថែមថា "សហភាពអឺរ៉ុប ត្រៀមខ្លួនដាក់វិធានការប្រឆាំងតបតវិញ"។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា ប្លុកអឺរ៉ុបមួយនេះធ្លាប់បានផ្អាកវិធានការតបតរបស់ខ្លួនពីមុន ដើម្បីបង្កើតកន្លែងសម្រាប់បន្តការចរចា។ អ្នកនាំពាក្យបន្ថែមថា ប្រសិនបើមិនមានដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាងទេ នោះទាំងវិធានការសងសឹកដែលមានស្រាប់ និងវិធានការបន្ថែមរបស់សហភាពអឺរ៉ុប នឹងចូលជាធរមានដោយស្វ័យប្រវត្តិនៅថ្ងៃទី១៤ ខែកក្កដា ឬមុននោះទៅទៀត ប្រសិនបើកាលៈទេសៈទាមទារ៕


