របបសឹកនៅសហភាពមីយ៉ាន់ម៉ា បានបន្តរយៈពេលបទឈប់បាញ់ក្រោយគ្រោះរញ្ជួយដីជាថ្មីម្ដងទៀត បន្ទាប់ពីការផុតកំណត់នៃបទឈប់បាញ់មនុស្សធម៌ពីមុន ដែលខ្លួនត្រូវបានចោទប្រកាន់ថា បានបំពានជាមួយនឹងយុទ្ធនាការបន្តនៃការវាយប្រហារតាមអាកាស។
ដំបូងឡើយ រដ្ឋាភិបាលយោធាបានប្រកាសបទឈប់បាញ់មួយនៅក្នុងសង្គ្រាមស៊ីវិលជាមួយភាគីជម្លោះជាច្រើន បន្ទាប់ពីរញ្ជួយដីដ៏ធំមួយកាលពីចុងខែមីនា សម្លាប់មនុស្សជិត ៣.៨០០នាក់ និងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែង។ បទឈប់បាញ់នោះត្រូវបានបន្តពីមុនរួចមកហើយ ប៉ុន្តែក្រុមអ្នកឃ្លាំមើលជម្លោះនិយាយថា ការប្រយុទ្ធគ្នានៅតែកើតមាន រួមទាំងការវាយប្រហារតាមអាកាសជាទៀងទាត់។


សេចក្តីថ្លែងការណ៍មួយពីក្រុមព័ត៌មានរបបសឹកកាលពីថ្ងៃសៅរ៍ (៣១ ឧសភា) បាននិយាយថា នឹងមានការពន្យាពេលនៃបទឈប់បាញ់ - ដែលផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា - ឱ្យបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ខាងមុខ។ សេចក្តីថ្លែងការណ៍បន្តថា នេះនឹង "សម្រួលដល់សកម្មភាពស្តារឡើងវិញ និងការកសាងឡើងវិញនៅក្នុងតំបន់រងផលប៉ះពាល់ដោយរញ្ជួយដី"។
បទឈប់បាញ់នេះក៏នឹងអនុញ្ញាតឱ្យមីយ៉ាន់ម៉ារៀបចំ "ការបោះឆ្នោតសកលតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស" នេះបើយោងតាមសេចក្តីថ្លែងការណ៍។ គួររម្លឹកថា ប្រមុខរបបសឹកធ្លាប់ប្រកាសនៅដើមឆ្នាំនេះថា ការបោះឆ្នោតដែលបានសន្យាជាយូរមកហើយ នឹងត្រូវធ្វើឡើងនៅខែមករា ដែលជាលើកទីមួយហើយនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារនៅឆ្នាំ២០២១មក៕


