រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា សមភាគីអូម៉ង់របស់លោក បានបង្ហាញធាតុសំខាន់ៗនៃសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលខ្លីទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយនៅល្ងាចថ្ងៃសៅរ៍ថា ប្រសិតពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff "បានផ្ញើសំណើលម្អិត និងអាចទទួលយកបានទៅឱ្យអ៊ីរ៉ង់ ហើយនោះជាផលប្រយោជន៍ដ៏ល្អបំផុតរបស់ពួកគេក្នុងការទទួលយកសំណើនេះ"។ លោកស្រីបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

លោក Araqchi បាននិយាយក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា អ៊ីរ៉ង់ "នឹងឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិក ស្របតាមគោលការណ៍ ផលប្រយោជន៍ជាតិ និងសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់"។
ការលើកឡើងរបស់លោក Araqchi បានធ្វើឡើងនៅមុនកិច្ចចរចាជុំទី៦ ដែលបានរំពឹងទុករវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីដោះស្រាយជម្លោះអស់ជាច្រើនទសវត្សរ៍ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ កាលបរិច្ឆេទ និងទីកន្លែងនៃការចរចាជុំបន្ទាប់នេះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕

