អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃសុក្រ (៣០ ឧសភា) ថា ស្ថានការណ៍នៅដែនដីហ្កាហ្សា គឺនៅតែស្ថិតក្នុងភាពមហន្តរាយយ៉ាងអាក្រក់បំផុត ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាស បានចាប់ផ្តើមកាលពី១៩ ខែមុន បើទោះបីជាមានការបន្តផ្តល់ជំនួយមានកម្រិត នៅក្នុងតំបន់ប៉ាឡេស្ទីននេះក៏ដោួ ខណៈគ្រោះទុរ្ភិក្សជិតកើតឡើង។
ក្រោមសម្ពាធពិភពលោកដែលកំពុងកើនឡើង អ៊ីស្រាអែលបានបញ្ចប់ការបិទផ្លូវរយៈពេល ១១សប្តាហ៍នៅលើតំបន់ហ្កាហ្សាកាលពីជាង ១០ថ្ងៃមុន ដោយអនុញ្ញាតឱ្យបន្តប្រតិបត្តិការជំនួយមានកម្រិត ដែលដឹកនាំដោយអង្គការសហប្រជាជាតិ។ បន្ទាប់មកនៅថ្ងៃចន្ទដើមសប្ដាហ៍ ផ្លូវថ្មីដ៏ចម្រូងចម្រាសសម្រាប់ការចែកចាយជំនួយក៏ត្រូវបានបើកដំណើរការផងដែរ - គឺមូលនិធិមនុស្សធម៌ហ្កាហ្សា GHF គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា "ជំនួយណាមួយដែលចូលទៅក្នុងដៃរបស់អ្នកត្រូវការពិតប្រាកដគឺជារឿងល្អណាស់ ប៉ុន្តែការផ្តល់ជំនួយរហូតដល់ពេលនេះ ជារួមមានប្រសិទ្ធភាពតិចតួចណាស់"។ លោកបន្តថា "ស្ថានការណ៍ដ៏មហន្តរាយនៅហ្កាហ្សា នៅតែបន្តយ៉ាងអាក្រក់បំផុតតាំងពីសង្គ្រាមបានចាប់ផ្តើមមក"។
សង្គ្រាមហ្កាហ្សា បានផ្ទុះឡើងចាប់តាំងពីឆ្នាំ២០២៣មក នៅពេលពួកសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្ស ១.២០០នាក់ នៅក្នុងទឹកដីអ៊ីស្រាអែល និងបានចាប់ចំណាប់ថ្នូរប្រហែល ២៥០នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងយុទ្ធនាការយោធា ដែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥៤.០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា៕

