ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ១នាក់ រឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាមនៅខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់អោយដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ សហការជាមួយស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុច ភូមិសុវណ្ណគីរី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ។
ជនសង្ស័យឈ្មោះ ម៉ែន វិច្ឆិការ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ។
វត្ថុតាងចាប់យក -មេតំហ្វេតាមីន (ICE) ទម្ងន់ ១៣៨៥,៤៩ក្រាម ។
ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
សមត្ថកិច្ចប្រាប់បន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ៕ អត្ថបទ ៖ តារាវុទ្ធី

