ចក្រភពអង់គ្លេស នឹងបង្កើនទំហំនៃកងនាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួន នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលនៅមុនការត្រួតពិនិត្យផ្នែកការពារជាតិ ដែលរំពឹងថាប្រទេសនេះត្រូវតែវិនិយោគប្រាក់រាប់ពាន់លានផោនបន្ថែមទៀតដើម្បីត្រៀមខ្លួនឱ្យរួចរាល់ និងបំពាក់អាវុធដើម្បីប្រយុទ្ធនឹងសង្គ្រាមទំនើប។

លោកនាយករដ្ឋមន្ត្រី Keir Starmer ដូចជាមេដឹកនាំដទៃទៀតនៅទូទាំងទ្វីបអឺរ៉ុបដែរ គឺកំពុងខ្នះខ្នែងដើម្បីកសាងសមត្ថភាពការពារប្រទេសរបស់លោកឡើងវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ទ្វីបដ៏ចំណាស់នេះថា ខ្លួនចាំបាច់ត្រូវមានការទទួលខុសត្រូវបន្ថែមទៀតសម្រាប់សន្តិសុខរបស់ខ្លួន។

ការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រការពារជាតិនៅថ្ងៃចន្ទ (០២ មិថុនា) នេះ នឹងអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេស ផ្លាស់ប្ដូរទៅកាន់ស្ថានភាពនៃ "ការត្រៀមលក្ខណៈប្រយុទ្ធ" តាមដានការប្រែប្រួលនៃការគំរាមកំហែងផ្នែកសន្តិសុខ និងបច្ចេកវិទ្យាការពារជាតិណាមួយ ដែលត្រូវការដើម្បីទប់ទល់បញ្ហា។ រដ្ឋមន្រ្តីការពារជាតិ លោក John Healey បាននិយាយថា "ចក្រភពអង់គ្លេស ត្រូវតែត្រៀមខ្លួនសម្រាប់សង្រ្គាមដើម្បីធានាបានសន្តិភាព"។

ក្រសួងការពារជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ចក្រភពអង់គ្លេស នឹងផលិតនាវាមុជទឹកវាយប្រហារជំនាន់ក្រោយរបស់ខ្លួនដល់ ១២គ្រឿង ដែលដើរដោយថាមពលនុយក្លេអ៊ែរ ប៉ុន្តែមានអាវុធនុយក្លេអ៊ែរធម្មតា ដើម្បីជំនួសកងនាវាបច្ចុប្បន្នដែលមានចំនួន ៧ ចាប់ពីចុងទសវត្សរ៍ឆ្នាំ២០៣០ ខាងមុខ។ កងនាវាមុជទឹកថ្មីនេះ នឹងក្លាយជាគំរូដែលបង្កើតឡើងដោយចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី ក្រោមភាពជាដៃគូសន្តិសុខដែលគេស្គាល់ថា AUKUS៕