ភ្នំពេញ៖ កម្ពុជាបាននាំទំនិញទៅប្រទេសកូរ៉េខាងត្បូង មានតម្លៃសរុប ៣១០ លានដុល្លារ ក្នុងរយៈពេល ១១ខែឆ្នាំ២០២១នេះ កើនឡើង ៥,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យពាណិជ្ជកម្ម របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Korea International Trade Association) ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-កូរ៉េខាងត្បូង មានតម្លៃសរុប ៨៦៩ លានដុល្លារ កើនឡើង៨,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកកម្ពុជា បាននាំចូលទំនិញ និងផលិតផលផ្សេងៗ ពីប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលដូចគ្នា មានតម្លៃ ៥៦០ លានដុល្លារ កើនឡើង ១០,៥ភាគរយ ធៀបនឹងរៈពេល១១ខែកាលពីឆ្នាំមុន។
ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅប្រទេសកូរ៉េខាងត្បូង មានដូចជា ផលិតផលវាយនភណ្ឌផលិតផលស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប គ្រឿងបង្គុំអគ្គិសនី ផលិតផលកសិកម្ម មានកៅស៊ូ និងស្វាយស្រស់ជាដើម។
ចំណែកទំនិញសំខាន់ៗ កម្ពុជា នាំចូលពីកូរ៉េខាងត្បូង មានដូចជា រថយន្តឧបករណ៍អេឡិចត្រូនិក សំភារៈប្រើប្រាស់ក្នុងផ្ទះ ភេសផ្ជៈ ថ្នាំពេទ្យ និងផលិតសម្រេចផ្សេងទៀត។ កាលពីខែតុលា ប្រទេសទាំងពីរ បានចុះហត្ថលេខាជាផ្លូវការ លើសេចក្តីព្រាង នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជាកូរ៉េខាងត្បូង។
តាមរយៈកិច្ចព្រមព្រៀង ដែលគ្រោងដាក់អឱ្យអនុវត្តចាប់ពីដើមឆ្នាំក្រោយតទៅ នឹងជួយបើកទីផ្សារកម្ពុជាកាន់តែធំ សម្រាប់ទំនញនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង នៅក្រោមបន្ទាត់ពន្ធគយអនុគ្រោះជាពិសេសនឹងទាក់ទាញវិនិយោគិនកូរ៉េ និងបរទេស ចូលមកវិនិយោគបន្ថែមនៅកម្ពុជា។
សូមជម្រាបជូនថា ទំហំពាណិជ្ជកម្ម្វទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានក្នុងទឹកប្រាក់ ៨៤៤ លានដុល្លារ កាលពីឆ្នាំ២០២០ ធ្លាក់ចុះ ១៧ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះទំហំពាណិជ្ជកម្មនេះ គឹដោយសារការរីករាលដាលនៃវិបត្តិកូវីដ១៩៕ អត្ថបទ៖ វណ្ណៈ