ប្រទេសចិន នៅថ្ងៃចន្ទ (០២ មិថុនា) នេះបានស្ដីបន្ទោសខ្លាំងៗថា សហរដ្ឋអាមេរិក បាន "បំពានយ៉ាងធ្ងន់ធ្ងរ" លើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងភាគីទាំងពីរ និងប្ដេជ្ញាចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីការពារផលប្រយោជន៍របស់ខ្លួន ហើយច្រានចោលការចោទប្រកាន់របស់លោកប្រធានាធិបតីអាមេរិក Donald Trump ថាជាការលើកឡើង "ពុំមានមូលដ្ឋាន" ទាល់តែសោះ។

ការអត្ថាធិប្បាយរបស់ក្រសួងពាណិជ្ជកម្មចិន គឺដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Trump កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលថាចិន បានរំលោភលើកិច្ចព្រមព្រៀងទ្វេភាគីដើម្បីដកពន្ធរវាងភាគីទាំងពីរ។ ក្រសួងនិយាយថា ចិនបានអនុវត្ត និងប្រកាន់ខ្ជាប់យ៉ាងសកម្មនូវកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីខែមុន នៅទីក្រុងហ្សឺណែវ ខណៈសហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការ "រឹតបន្តឹងមិនរើសមុខ" ជាច្រើនប្រឆាំងនឹងចិន។
ក្រសួងបន្ថែមថា វិធានការទាំងនោះរួមមានការចេញសេចក្តីណែនាំស្តីពីការត្រួតពិនិត្យនាំចេញបន្ទះឈីប AI ការបញ្ឈប់ការលក់កម្មវិធីរចនាបន្ទះឈីបទៅចិន និងការដកហូតទិដ្ឋាការសម្រាប់និស្សិតចិនជាដើម។ ក្រសួងសង្កត់ធ្ងន់ថា "រដ្ឋាភិបាលអាមេរិក បានបង្ករឿងជាឯកតោភាគី និងម្តងហើយម្តងទៀតធ្វើឱ្យមានជម្លោះសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី ដែលបង្កភាពមិនច្បាស់លាស់ និងអស្ថិរភាពក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី"។
ក្រសួងមិនបានបញ្ជាក់លម្អិតឡើយថា តើវិធានការខ្លាំងក្លាបែបណាខ្លះដែលខ្លួនអាចធ្វើដើម្បីឆ្លើយតប។ គួរឱ្យដឹងថា ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាកាលពីពាក់កណ្តាលខែឧសភា នៅទីក្រុងហ្សឺណែវ ដើម្បីផ្អាកការយកពន្ធបីខ្ទង់សម្រាប់រយៈពេល ៩០ថ្ងៃ។ លើសពីនេះ ចិនក៏បានសន្យាថានឹងដកវិធានការតបតពាណិជ្ជកម្មដែលរឹតត្បិតការនាំចេញលោហៈធាតុសំខាន់ៗសម្រាប់ផលិតឧបករណ៍បន្ទះឈីប អេឡិចត្រូនិក និងការពារជាតិរបស់អាមេរិក៕

