បណ្ដាបេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង មកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានសម្រុកធ្វើយុទ្ធនាការនៅតាមដងផ្លូវដើម្បីប្រមូលផ្តុំការគាំទ្រនៅថ្ងៃអាទិត្យ (០១ មិថុនា) លើកចុងក្រោយនៅមុនថ្ងៃបោះឆ្នោត ០៣ មិថុនា។

គូប្រជែងឈានមុខគេទាំងពីរនៅក្នុងការបោះឆ្នោតនៅថ្ងៃអង្គារស្អែកនេះ គឺលោក Lee Jae-myung មកពីបក្សប្រជាធិបតេយ្យប្រឆាំងដ៏ធំបំផុត និងលោក Kim Moon-soo មកពីបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាច។
លោក Lee បានធ្វើដំណើរទៅកាន់តំបន់អភិរក្សនិយម ដូចជាទីក្រុង Busan និង Daegu ជាដើម ដោយប្ដេជ្ញាថានឹងជួយប្រទេសឱ្យឆ្លងផុតការបែកបាក់ខ្វែងគំនិត ហើយក៏បានសន្យាថានឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចរស់ឡើងវិញ។
ចំណែកលោក Kim បានទៅកាន់តំបន់នានា រួមទាំងរដ្ឋធានីសេអ៊ូល ក៏ដូចជាខេត្ត Gyeonggi ដែលលោកធ្លាប់ធ្វើជាអភិបាលខេត្ត ដោយសន្យាថានឹងបង្វែរស្ថានភាពការងារ ដែលធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាច្រើន ជួបការលំបាកក្នុងការងារធ្វើ ហើយក៏ប្តេជ្ញាថានឹងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង។
ការបោះឆ្នោតមុនថ្ងៃកំណត់ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្ដាហ៍មុន។ អ្នកទៅទម្លាក់សន្លឹកឆ្នោតមានចំនួន ៣៤,៧៤% ក្នុងអត្រាលើសពី ២% ទាបជាងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ប៉ុន្តែនៅតែជាចំនួនអ្នកទៅបោះឆ្នោតច្រើនបំផុតទីពីរនៃការបោះឆ្នោតជាតិកន្លងមក៕

