សៀមរាប៖ រដ្ឋបាលស្រុកបន្ទាយស្រី នៅក្នុងព្រឹត្តិការណ៍បុណ្យខ្លែងលើកដំបូងរបស់ខ្លួន បានបង្ហាញគោលដៅសម្រាប់អនាគតថា បុណ្យខ្លែង នឹងស្ថិតនៅជាកម្មវត្ថុនៃព្រឹត្តិការណ៍ប្រពៃណីប្រចាំរដូវកាល និងចាប់យកនូវព្រឹត្តិការណ៍ប្រពៃណី សាសនា បុណ្យជាតិសំខាន់ៗ រួមទាំងការបង្កើតថ្មីបន្ថែមទៀត ទុកជាផលិតផលដើម្បីពង្រីកសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទ។
បុណ្យខ្លែងបន្ទាយស្រី គឺជាព្រឹត្តិការណ៍មួយ ក្នុងព្រឹត្តិការណ៍ដំបូងៗ ដែលរដ្ឋបាលស្រុកបន្ទាយស្រីបានបង្កើតឡើង ដើម្បីរួមចំណែកផ្តើមស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីរងគ្រោះដោយវិបត្តិកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី កាលពីម្សិលមិញ ក្នុងពេលបើកដំណើរការព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រី។
លោក បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ដែលត្រូវបានធ្វើឡើងនៅភូមិបុរាណ ស-សី ល្បីខាងផលិតកុលាលភាជន៍នាសម័យអង្គរ ក្នុងឃុំត្បែងនោះ គឺជាការខិតខំជំរុញឲ្យមានបន្ថែមទៀតនូវសក្តានុពលទេសចរណ៍ក្រៅពីប្រាសាទ។ បុណ្យខ្លែងបន្ទាយស្រី បានទាក់ទាញភ្ញៀវក្នុងស្រុក និងមានភ្ញៀវបរទេស ជាង២០០០នាក់។
ការរក្សាប្រពៃណីបង្ហោះខ្លែង នារដូវលំហើយ ក្រោយច្រូតកាត់ តាមរយៈនៃការរៀបចំព្រឹត្តិការណ៍ជាប្រចាំឆ្នាំនេះ គឺជាគោលដៅរបស់រដ្ឋបាលស្រុក។ ការជ្រើសរើសយកភូមិ សសី នៃឃុំត្រែង រៀបចំបង្កើតព្រឹត្តិការណ៍នេះ គឺដោយសារតែភូមិបុរាណមួយនេះ មានភាពអំណោយផលទាំងពេលវេលា អំណោយផលទាំងទីតាំង និងនៅជាប់ជាមួយសម្រស់ធម្មជាតិ នៃជើងភ្នំគូលែនផងដែរ ដែលទាំងនេះ វាមិនទាមទារឲ្យមានភាពស្មុគស្មាញក្នុងការរៀបចំ និងមិនមានហានិភ័យខ្ពស់ទៅដល់ការព្រួយបារម្ភអំពីកូវីដ-១៩។
ព្រឹត្តិការណ៍បុណ្យខ្លែងបន្ទាយស្រីឆ្នាំដំបូងនេះ មានការបង្ហោះខ្លែងឯកចំនួនជាង២០ខ្លែង ក្រោមការចូលរួមដោយសមាគមអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរ។ ក្រៅពីការបង្ហោះខ្លែងឯក ក៏បានផ្ដល់ឱកាសជូន ប្រជាពលរដ្ឋ ដែលចេះធ្វើខ្លែងខ្លួនឯង អាចចូលរួមបង្ហោះកម្សាន្តបាន ហើយកម្មវិធីនេះ ក៏មានស្តង់ដាក់លក់ខ្លែងតូចៗ សម្រាប់កុមារ និងយុវវ័យ ជាវយកទៅបង្ហោះលេងជាលក្ខណៈគ្រួសារផងដែរ៕ អត្ថបទ៖ ងឹន គឹមឡេង










