ការចងក្រងឯកសាររបស់ក្រុមតាមដានសិទ្ធិមនុស្សអឺរ៉ុប-ម៉េឌីទែរ៉ាណេ(Euro-Med Monitor)និយាយថា កងកម្លាំងអ៊ីស្រាអែលបើកការបាញ់ប្រហារទៅលើជនស៊ីវិលរាប់ពាន់នាក់ដែលបានប្រមូលផ្តុំនៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី ១ ខែមិថុនា ឆ្នាំ ២០២៥ នៅតំបន់ Tel al-Sultan ក្នុងទីក្រុង Rafah ក្បែរមជ្ឈមណ្ឌលចែកចាយជំនួយដែលបង្កើតឡើងដោយកងទ័ពអ៊ីស្រាអែល។

ទិន្នន័យបឋមបង្ហាញថា ការវាយប្រហារនេះបានសម្លាប់ជនស៊ីវិលយ៉ាងណាស់ ៣២ នាក់ ក្នុងនោះមានស្ត្រីពីរនាក់ និងជាង ២០០ នាក់ផ្សេងទៀតរងរបួស ហើយមួយចំនួនទៀតបាត់ខ្លួន។ អ្នករបួសជនជាតិប៉ាឡេស្ទីន ត្រូវបានបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យNasser ក្នុងទីក្រុង Khan Younis កាលពីថ្ងៃអាទិត្យ។
ឯកសារនិយាយថាសហគមន៍អន្តរជាតិត្រូវតែចាត់វិធានការភ្លាមៗ និងយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ខំអ៊ីស្រាអែលឱ្យបញ្ចប់យន្តការចែកចាយជំនួយដ៏អមនុស្សធម៌របស់ខ្លួនក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការសម្លាប់រង្គាលនៅថ្ងៃនេះជិតមជ្ឈមណ្ឌលជំនួយគាំទ្រដោយសហរដ្ឋអាមេរិកនៅភាគខាងត្បូងនៃទីក្រុង Rafah ជាទីដែលកងកម្លាំងអ៊ីស្រាអែលបានវាយប្រហារសម្លាប់មនុស្ស ឬបណ្ដាលឲ្យរងរបួសជាង២២០នាក់លើជនស៊ីវិលដែលអត់ឃ្លាន។
ចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើងដោយសារតែចំនួនអ្នករបួសធ្ងន់ធ្ងរ និងការដួលរលំយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធថែទាំសុខភាពដែលបណ្តាលមកពីការបិទផ្លូវ និងការកំណត់គោលដៅរបស់អ៊ីស្រាអែលទៅលើកន្លែងព្យាបាលវេជ្ជសាស្ត្រនានា។
ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង៣០ នាក់បានស្លាប់ និងជិត១៧០នាក់បានរងរបួសកាលពីថ្ងៃអាទិត្យនៅភាគខាងត្បូងតំបន់ហ្កាហ្សាក្បែរកន្លែងចែកចាយអាហារ ខណៈ អ្នកមើលឃើញហេតុការណ៍បានរាយការណ៍ថាទាហានអ៊ីស្រាអែលបានបាញ់ទៅលើមនុស្សដែលព្យាយាមប្រមូលជំនួយ ហើយអ៊ីស្រាអែលបានបដិសេធ។
ចំណែកមូលនិធិមនុស្សធម៌ហ្កាហ្សា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា អាហារត្រូវបានចែកចាយដោយគ្មានឧបទ្ទវហេតុទេ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅចំណុចចែកចាយក្នុងទីក្រុង Rafah ហើយមិនមានអ្នកស្លាប់ ឬរបួសនោះទេ៕

