ក្រុមមន្ត្រីរុស្ស៊ី និងអ៊ុយក្រែន គ្រោងនឹងអង្គុយចុះពិភាក្សាគ្នានៅថ្ងៃចន្ទ (០២ មិថុនា) នេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី សម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជុំទីពីររបស់ពួកគេ ចាប់តាំងពីឆ្នាំ២០២២មក ប៉ុន្តែភាគីជម្លោះទាំងពីរនៅតែមានគម្លាតឆ្ងាយពីគ្នា និងខ្វែងគំនិតអំពីវិធីសាស្រ្តបញ្ចប់សង្រ្គាម ហើយការប្រយុទ្ធនៅសមរភូមិកំពុងកើនឡើង។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានទាមទារឱ្យរុស្ស៊ី និងអ៊ុយក្រែន បង្កើតសន្តិភាព ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានផ្លែផ្កានៅឡើយ ហើយសេតវិមានបានព្រមានម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក នឹង "ដើរចេញ" ពីសង្រ្គាម ប្រសិនបើភាគីទាំងពីររឹងរូសពេកក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព។

ជុំទីមួយនៃកិច្ចចរចានៅថ្ងៃទី១៦ ខែឧសភា បាននាំមកនូវការដោះដូរឈ្លើយសឹកដ៏ធំបំផុតនៃសង្រ្គាម ប៉ុន្តែមិនមានសញ្ញានៃសន្តិភាព ឬសូម្បីតែបទឈប់បាញ់នោះទេ ខណៈដែលភាគីទាំងពីរគ្រាន់តែកំណត់ជំហរបើកការចរចាផ្ទាល់ខ្លួនប៉ុណ្ណោះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា រដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov នឹងដឹកនាំមន្រ្តីទៅជួបជាមួយភាគីរុស្ស៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល។ ចំណែកគណៈប្រតិភូរុស្ស៊ី នឹងត្រូវដឹកនាំដោយជំនួយការវិមានក្រឹមឡាំង លោក Vladimir Medinsky។

ប្រសិតអាមេរិកគឺលោក Keith Kellogg បានឱ្យដឹងថា ភាគីទាំងពីរនឹងជួបប្រជុំនៅទួរគី ដោយបង្ហាញឯកសាររៀងៗខ្លួនដែលបញ្ជាក់អំពីគោលគំនិតរបស់ពួកគេសម្រាប់លក្ខខណ្ឌសន្តិភាព ប៉ុន្តែរឿងមួយដែលច្បាស់ពេលនេះគឺថា បន្ទាប់ពីសង្គ្រាមរយៈពេលជាង ៣ឆ្នាំមក ទីក្រុងមូស្គូ និងទីក្រុងគីវ នៅតែមានគម្លាតឆ្ងាយពីគ្នាយ៉ាងខ្លាំង៕