ពលរដ្ឋទីក្រុងគីវ កាលពីថ្ងៃអាទិត្យ ទី១ ខែមិថុនា បានអបអរចំពោះយោធាអ៊ុយក្រែន សម្រាប់ការវាយប្រហារដោយយានដ្រូនលើយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយមានសមត្ថភាពបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ីនៅឯមូលដ្ឋានយោធាជ្រៅក្នុងតំបន់ស៊ីបេរី កាលពីថ្ងៃអាទិត្យ។

មន្ត្រីចារកម្មអ៊ុយក្រែនម្នាក់បាននិយាយថា ប្រតិបត្តិការដែលពាក់ព័ន្ធនឹងយានដ្រូនផ្ទុកសារធាតុផ្ទុះលាក់នៅខាងក្នុងដំបូលគ្រោងឈើ ហើយបានផ្ទុកវានៅលើរថយន្តដឹកទំនិញចូលទៅកាន់បរិវេណមូលដ្ឋានទ័ពអាកាស។ មន្ត្រីដដែល បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីសរុបចំនួន ៤១គ្រឿង ត្រូវបានរងការវាយប្រហារ។

លោក Pavlo Fesenko បានប្រាប់សារព័ត៌មានរ៉យទ័រថា «វាជាការវាយប្រហារដ៏ធំ និងគួរឲ្យភ្ញាក់ផ្អើលសម្រាប់រុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា អ៊ុយក្រែន បានបើកការវាយប្រហារដោយយានដ្រូន ដាក់គោលដៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីនៅទូទាំងតំបន់ចំនួន៥ កាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យយន្តហោះជាច្រើនគ្រឿងត្រូវឆេះ។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែន និងរុស្ស៊ី បានបង្កើនសង្គ្រាមយ៉ាងខ្លាំងក្លានៅមុនថ្ងៃនៃកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នៅថ្ងៃទី២ ខែមិថុនានេះ។ រុស្ស៊ី បានបង្ហោះយានដ្រូនចំនួន៤៧២គ្រឿងនៅអ៊ុយក្រែនកាលពីពេលយប់ ហើយកងទ័ពអាកាសបាននិយាយថា រុស្ស៊ីក៏បានបាញ់មីស៊ីលចំនួន ៧ គ្រាប់ផងដែរ។ បន្ទាប់ពីភាពមិនប្រាកដប្រជាជាច្រើនថ្ងៃអំពីថាតើអ៊ុយក្រែននឹងចូលរួមក្នុងកិច្ចចរចាឬក៏អត់នោះ ប្រធានាធិបតី លោក Volodymyr Zelenskiy បាននិយាយថា រដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov នឹងអង្គុយជាមួយមន្ត្រីរុស្ស៊ីនៅក្នុងជុំទីពីរនៃកិច្ចចរចាសន្តិភាពដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃចន្ទនេះ។