យោងតាមសារព័ត៌មាន AFP បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែល ១.១៩៤នាក់ បានទៅដល់ចក្រភពអង់គ្លេស បន្ទាប់ពីបានឆ្លងកាត់ព្រែកជីកតាមទូកតូចៗកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ជាកំណត់ត្រាសម្រាប់ឆ្នាំនេះ។

វាបាននាំមកនូវចំនួនសរុបនៃការឆ្លងកាត់របស់ជនអន្តោប្រវេសន៍នៅឆ្នាំនេះឡើងដល់១៤.៨០៨នាក់ ជាតួលេខដែលមិនធ្លាប់មានពីមុនមក ទោះបីជាមានវិធានការជាច្រើនត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលបារាំង និងចក្រភពអង់គ្លេស ដើម្បីទប់ស្កាត់ការឆ្លងកាត់នេះក៏ដោយ។

អាជ្ញាធរឆ្នេររបស់ប្រទេសបារាំង បាននិយាយថា ពួកគេក៏បានជួយសង្គ្រោះជនអន្តោប្រវេសន៍ជិត ២០០នាក់ផងដែរ នៅចន្លោះពីល្ងាចថ្ងៃសុក្រ ដល់ល្ងាចថ្ងៃសៅរ៍ សប្តាហ៍មុននេះ។
ការឆ្លងកាត់ចុងក្រោយនេះ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក John Healey បានពណ៌នាថា «គួរឱ្យភ្ញាក់ផ្អើល» ដែលបានធ្លាក់ចុះតិចជាងកំណត់ត្រារាល់ពេលនៃជនអន្តោប្រវេសន៍ចំនួន១.៣០០នាក់ បានទៅដល់តាមទូកតូចៗក្នុងមួយថ្ងៃ កាលពីខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្តែវានឹងនៅតែបង្ហាញពីការឈឺក្បាលសម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ចំពោះការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ ។
ការិយាល័យក្រសួងមហាផ្ទៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីការទទៅដល់ចុងក្រោយរបស់ជនអន្តោប្រវេសន៍ថា «យើងទាំងអស់គ្នាចង់បញ្ចប់ការឆ្លងកាត់តាមទូកតូចៗដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់អាយុជីវិត និងធ្វើឱ្យខូចសន្តិសុខព្រំដែនរបស់យើង»។ លោក Starmer បានបង្ហាញគោលនយោបាយអន្តោប្រវេសន៍ថ្មីដ៏តឹងរ៉ឹងក្នុងខែនេះ ដែលរួមទាំងការបង្កើនរយៈពេលទ្វេដង មុនពេលជនអន្តោប្រវេសន៍អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការតាំងទីលំនៅក្នុងប្រទេស និងអំណាចថ្មីដើម្បីនិរទេសឧក្រិដ្ឋជនបរទេស។