ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅសូន្យបី គឺ “គ្មានការឆ្លងមេរោគអេដស៍ថ្មី” “គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍” និង “គ្មានការស្លាប់ដោយសារជំងឺអេដស៍” នៅត្រឹមឆ្នាំ២០២៥។
ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងដូច្នេះក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២១ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងតាមបណ្តាញវីដេអូ កម្មវិធីZoom ដោយសារតែការគំរាមកំហែងជាបន្តពីការឆ្លង រាតត្បាតនៃកូវីដ-១៩, នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។ ឯកឧត្តម បន្តទៀតថា ដើម្បីសម្រេចបាននូវគោលដៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវជាឱឡារិកដល់គ្រប់មជ្ឈដ្ឋានឱ្យរួមគ្នាជាចរន្តជាតិមួយដ៏ខ្លាំងក្លា ដែលនេះជាការប្តេជ្ញាចិត្តមួយដ៏រឹងមាំ និងជាកត្តាអនុគ្រោះចាំបាច់ប្រកបដោយប្រសិទ្ធភាពខ្ពស់រួចទៅហើយ។ ក្នុងន័យនេះ យើងបន្តជំរុញការចូលរួមជាពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ ដោយមានស្ថាប័នដឹកនាំ គ្រប់គ្រង និងសម្របសម្រួលតែមួយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយជាពិសេស ដោយមានផែនការយុទ្ធសាស្រ្តជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយ។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រី្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការចូលរួម ក៏ដូចជាការជំរុញឱ្យមានកិច្ចប្រជុំនានា ជាពិសេសកិច្ចប្រជុំស្តីពីការអនុវត្តន៍វិធានការ៦ចំណុចនៃ “លិខិតលេខ២១៣សជណ.សស” ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ឆ្ពោះទៅកាន់ចីរភាពក្នុងការឆ្លើយតបនឹងមេរោគ អេដស៍ និងជំងឺអេដស៍របស់រាជរដ្ឋាភិបាលកម្ពុជា។ ការងារនេះបាននិងកំពុងអនុវត្តបន្ត មានជាអាទិ៍៖ ការរៀបចំនូវវិធីសាស្រ្ត និងយន្តការនានាក្នុងការឆ្លើយតបនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងពេលកន្លងទៅថ្មីៗនេះ។ យើងក៏បាននិងកំពុងគិតគូរពីការកៀរគរថវិកាមួយចំនួន ទាំងថវិកាជាតិ និងគម្រោង មូលនិធិសកល ដើម្បីរៀបចំយុទ្ធសាស្ត្រប្រកបដោយភាពធន់ និងនវានុវត្តន៍ ក្នុងបរិបទនៃការរាលដាលជំងឺ កូវីដ-១៩ ទៅលើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ជាក់ស្ដែង យើងទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការចរចាកញ្ចប់ថវិកាជាតិ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់រាជធានី ខេត្តចំនួន៤ ដែលត្រូវអនុវត្តគម្រោងកម្មវិធីទីក្រុងពន្លឿនការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ចាប់ពីឆ្នាំ២០២២ទៅ។ នេះជាសមិទ្ធផលថ្មីមួយទៀត នៅក្នុងការចូលរួមចំណែកក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់ការរីករាលដាលជំងឺអេដស៍ នៅឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៣ យើងនឹងបន្តចរចាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវកញ្ចប់ថវិកាបន្ថែមសម្រាប់ខេត្តមួយចំនួនទៀត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រី្ត អៀង មូលី សូមអំពាវនាវឱ្យបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច និងចូលរួមទប់ស្កាត់ការចម្លងទាំងអស់គ្នា ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងបន្តអនុវត្តនូវវិធានបង្ការផ្សេងៗដាក់ចេញដោយក្រសួងសុខាភិបាល៕អត្ថបទ ៖ រដ្ឋា





