កោះតៃវ៉ាន់ បាននិយាយថា ប្រទេសចិន បានបង្កើនសម្ពាធយោធានៅជុំវិញតំបន់នោះក្នុងខែឧសភា ដោយដាក់ពង្រាយនាវាចម្បាំង និងនាវាមន្រ្តីរដ្ឋាភិបាលរាប់សិបគ្រឿងជារៀងរាល់ថ្ងៃ នៅក្នុងអ្វីដែលខ្លួនបានពិពណ៌នាថាជាយុទ្ធនាការសម្ពាធដ៏ធំ។

មន្ត្រីសន្តិសុខតៃវ៉ាន់ជាន់ខ្ពស់មួយរូបបានលើកពីពិធីការរបស់រដ្ឋាភិបាលកោះ ដោយនិយាយថា ប្រទេសចិន បានបញ្ជូននាវាជាមធ្យមពី ៥០ ទៅ ៧០គ្រឿង ក្នុងមួយថ្ងៃ ឆ្លងកាត់បណ្ដាញកោះទីមួយ — ដែលជាខ្សែបន្ទាត់យុទ្ធសាស្ត្រសំខាន់លាតសន្ធឹងពីប្រទេសជប៉ុន ឆ្លងកាត់កោះតៃវ៉ាន់ និងហ្វីលីពីន — រវាងថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែឧសភា។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនោះ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៩ ខែឧសភា ដោយហៅសកម្មភាពយោធានោះថាជាកម្រិតកំណត់ត្រាខ្ពស់ខ្លាំងសម្រាប់ខែឧសភា ប៉ុន្តែមិនផ្តល់នូវតួលេខប្រៀបធៀបកាលពីឆ្នាំមុនទេ។ ភាពតានតឹងបានកើនឡើងជាលំដាប់ចាប់តាំងពីមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ២០២៤ មក។

ទីក្រុងប៉េកាំង ដែលចាត់ទុកកោះតំបន់ស្វ័យគ្រប់គ្រងនេះថាជាផ្នែកនៃទឹកដីរបស់ខ្លួន បានហៅលោក Lai ថាជាជនផ្ដាច់ខ្លួន ហើយបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំយ៉ាងហោចណាស់ ៧លើកជុំវិញកោះនេះ ចាប់តាំងពីការឡើងកាន់តំណែងរបស់លោក Lai មក ដែលជាល្បឿនដ៏ធំមិនធ្លាប់មានពីមុន៕