នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃចន្ទ (០២ មិថុនា) នេះថា រដ្ឋាភិបាលរបស់លោកនឹងសម្រេចចិត្តលើតម្រូវការសមត្ថភាពការពារជាតិរបស់ខ្លួន មុនពេលប្រកាសពីការចំណាយលើវិស័យការពារជាតិ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានស្នើឱ្យអូស្ត្រាលី បង្កើនថវិកាការពារជាតិរបស់ខ្លួនដល់ ៣,៥% នៃផលិតផលក្នុងស្រុកសរុប GDP។

លោក Anthony បាននិយាយថា “អ្វីដែលគួរធ្វើក្នុងវិស័យការពារជាតិ គឺការសម្រេចចិត្តថាត្រូវការអ្វីឱ្យប្រាកដ សមត្ថភាពបែបណា ហើយបន្ទាប់មកផ្តល់តាមតម្រូវការ” ដោយបន្ថែមថា រដ្ឋាភិបាលរបស់លោកបានប្តេជ្ញាចិត្តរួចហើយក្នុងការពន្លឿនការចំណាយលើវិស័យការពារជាតិចំនួន ១០ពាន់លានដុល្លារអូស្ត្រាលី សម្រាប់ពេល ៤ឆ្នាំខាងមុខ ដោយលើកឡើងពីគោលដៅ ២,៣% សម្រាប់ឆ្នាំ២០៣៣ ដែលបានកំណត់ពីមុន។
សេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណបាននិយាយកាលថ្ងៃអាទិត្យថា លោក Hegseth និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានពិភាក្សាពីបញ្ហាសន្តិសុខ រួមទាំងការពន្លឿនសមត្ថភាពការពារជាតិរបស់សហរដ្ឋអាមេរិក នៅអូស្ត្រាលី និងការជំរុញកិច្ចសហប្រតិបត្តិការមូលដ្ឋានឧស្សាហកម្ម អំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
កិច្ចប្រជុំរបស់រដ្ឋមន្ត្រីអាមេរិក-អូស្រ្តាលី នៅខាងក្រៅនៃកិច្ចសន្ទនា Shangri-La សិង្ហបុរី ដែលជាវេទិកាសន្តិសុខកំពូលរបស់អាស៊ីនេះ គឺជាជំនួបលើកទីពីរហើយរវាងសម្ព័ន្ធមិត្តសន្តិសុខទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងក្នុងខែមករាមក៕

