ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងហើយជាមួយ Wolverhampton ក្នុងផ្ទេរខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha តម្លៃ ៦២.៥ លានផោន។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករដំបូងដែលផ្លាស់មកកាន់ Old Trafford រដូវក្តៅខាងមុខនេះ។
អតីតខ្សែប្រយុទ្ធ Atletico Madrid រូបនេះនឹងចុះហត្ថលេខារយៈពេលប្រាំឆ្នាំ បូកនឹងជម្រើសបន្តបន្ថែម ១២ ខែ។
កិច្ចសន្យាផ្ទេរផ្លូវការនឹងត្រូវសម្រេចរួចរាល់ នៅពេល Matheus Cunha ត្រលប់ពីការបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិប្រេស៊ីលចុងខែនេះ។
ប្រេស៊ីលនឹងត្រូវជួបជាមួយអេក្វាដ័រថ្ងៃព្រហស្បតិ៍នេះក្នុងវគ្គជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូង ដែលនឹងជាការប្រកួតដំបូងរបស់ប្រេស៊ីលក្រោមការដឹកនាំរបស់គ្រូបង្គោលថ្មីលោក Carlo Ancelotti។
Matheus Cunha បានស៊ុតបញ្ចូលទី ៣១ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៦ ប្រកួតជាមួយ Wolves ក្រោយផ្ទេរផ្លូវការពី Atletico Madrid នៅឆ្នាំ ២០២៣។
បន្ទាប់ចំណាយពេល ៦ ខែក្នុងកិច្ចសន្យាខ្ចីពី Atletico Madrid, Wolves ក៏បានសម្រេចទិញផ្តាច់ Cunha ក្នុងតម្លៃ ៣៥ លានផោន។
ក្រុមរបស់លោក Ruben Amorim កំពុងស្ថិតក្នុងការរុះរើកែទម្រង់ទ្រង់ទ្រាយធំ ដែលគេនឹងឃើញការផ្ទេរចេញ និងទិញចូលច្រើនរដូវក្តៅនេះ បន្ទាប់ពី Manchester United បញ្ចប់រដូវកាលដ៏អាក្រក់នៅ Premier League នៅចំណាត់ថ្នាក់លេខ ១៥៕
អត្ថបទ៖នាង សុភាវុធ