កំពង់ឆ្នាំង៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមបន្តយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ដែលយុទ្ធនាការនេះ បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃនេះតទៅ នៅគ្រប់មណ្ឌលសុខភាពទាំង៤៥មណ្ឌលនៅក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាំវុធ និងមន្ត្រីរាជការ ត្រូវនាំគ្នាមកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញអោយបានគ្រប់ៗគ្នាចាប់ពីថ្ងៃនេះតទៅ។ ប្រទេសកម្ពុជាយើងពិតជាមានភ័ព្វសំណាងណាស់ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកទុកដាក់គិតគូរចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ឯកឧត្តម បានជំរុញឱ្យ អាជ្ញាធរមូលដ្ឋានឃុំសង្កាត់ទាំង៧១ ណែនាំដល់មេភូមិទាំងអស់បន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដែលមិនទាន់បានមកទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញ ឱ្យមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាពទាំង៤៥មណ្ឌល ដែលនៅជិតបំផុតតាមមូលដ្ឋានចាប់ពីថ្ងៃនេះតទៅ និងបន្តរក្សាអនុវត្តន៍វិធានការ បីកុំ បីការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានជម្រាបជូនដល់ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តទាំងអស់ ដោយក្រសួងសុខាភិបាលបានរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ថ្មី(JN.1 lineages)(Covid-19 Omicron)កន្លងមក ហើយក៏មានការឆ្លងរាលដាលខ្លាំងនៅប្រទេសជិតខាងយើងផងដែរ។ ដូចនេះ ដើម្បីបង្ការជាមុនសំដៅធានាភាពសាំសហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្មីឆ្នាំ២០២៥ ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនទាំងអស់អាយុចាប់ពី១២ឆ្នាំឡើង រាល់៦តាមយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសសូមលើកទឹកចិត្តមកទទួលវ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩ ថ្មី៕ កាំង ហុងវាស្នា



