ក្រសួងឧស្សាហកម្មរបស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទ (០២ មិថុនា) នេះថា ខ្លួននឹងឆ្លើយតបទៅនឹងការដំឡើងពន្ធ ៥០% របស់សហរដ្ឋអាមេរិក លើផលិតផលដែកថែប ដែលជាផ្នែកនៃកិច្ចពិភាក្សាពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីកាត់បន្ថយផលប៉ះពាល់លើឧស្សាហកម្មនេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា លោកគ្រោងនឹងដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូមដល់ ៥០% ពីអត្រា ២៥% ពីមុន ដែលចាប់ផ្តើមជាធរមានពីថ្ងៃពុធ ០៤ មិថុនា ខាងមុខនេះ ដោយបង្កើនសម្ពាធលើក្រុមហ៊ុនផលិតដែកសកល និងធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរបស់លោកកាន់តែស៊ីជម្រៅ។

យោងតាមទិន្នន័យរបស់វិទ្យាស្ថានដែក និងដែកថែបអាមេរិក បានឱ្យដឹងថា កូរ៉េខាងត្បូង គឺជាប្រទេសនាំចេញដែកថែបធំជាងគេទីបួនទៅកាន់សហរដ្ឋអាមេរិក នៅពីក្រោយកាណាដា ម៉ិកស៊ិក និងប្រេស៊ីល កាលពីឆ្នាំមុន។ ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីមកពីក្រុមហ៊ុនផលិតដែកថែបធំៗរបស់ប្រទេស រួមមានក្រុមហ៊ុន POSCO និងក្រុមហ៊ុន Hyundai Steel ដើម្បីរកវិធានការទប់ទល់។

នាយកប្រតិបត្តិឧស្សាហកម្មបានប្រាប់សារព័ត៌មានរ៉យទ័រថា ពន្ធថ្មី ៥០% នឹងបន្ថែមបញ្ហាប្រឈមយ៉ាងអាក្រក់ដល់ក្រុមហ៊ុននាំចេញដែកថែបរបស់កូរ៉េខាងត្បូង ដែលបានបដិសេធមិនជំរុញការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដើម្បីជៀសវាងការត្រួតពិនិត្យពីទីក្រុងវ៉ាស៊ីនតោន ទោះបីជាតម្លៃដែកថែបនៅសហរដ្ឋអាមេរិកកើនឡើងក៏ដោយ៕