នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស៊ូដង់ លោក Kamil Idris បាននិយាយកាលពីថ្ងៃអាទិត្យថា អាទិភាពនៃរដ្ឋាភិបាលរបស់លោកគឺត្រូវសម្រេចបាននូវសន្តិសុខជាតិ និងស្ដារឡើងវិញនូវសិទ្ធិអំណាចរដ្ឋ ក្នុងចំណោមបញ្ហាដទៃទៀត។ នៅក្នុងសុន្ទរកថាដំបូងរបស់លោក តាមទូរទស្សន៍រដ្ឋស៊ូដង់ លោក Idris បានសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ការស្តារឡើងវិញដ៏ទូលំទូលាយនូវប្រទេសជាតិ ការសន្ទនាដឹកនាំដោយស៊ូដង់រួមបញ្ចូលគ្នា ការច្រានចោលតំបន់និយម និងការរើសអើងជាតិសាសន៍និយម។
លោកក៏បានសន្យាពង្រឹងទំនាក់ទំនងជាមួយបរទេសរបស់ប្រទេសស៊ូដង់ ជាពិសេសនៅក្នុងតំបន់អារ៉ាប់ និងអាហ្រ្វិក និងជំរុញសហគមន៍អន្តរជាតិឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញ។
លោក Idris បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស៊ូដង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅមុខលោក Abdel Fattah al-Burhan ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលដែលកំពុងកាន់អំណាចរបស់ប្រទេស និងជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF)។ ការតែងតាំងលោក Idris ត្រូវបានកំណត់ជាផ្លូវការចុងក្រោយនៅថ្ងៃទី១៩ ខែឧសភា តាមរយៈក្រឹត្យរដ្ឋធម្មនុញ្ញដែលចេញដោយ លោក Burhan ។ សេចក្តីសម្រេចនេះ ត្រូវបានស្វាគមន៍ដោយអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក និងអាជ្ញាធរអន្តររដ្ឋាភិបាលទទួលបន្ទុកការអភិវឌ្ឍន៍។
ប្រទេសស៊ូដង់ នៅតែជាប់គាំងដោយសារជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) ដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣។ ការប្រយុទ្ធគ្នាបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងរាប់លាននាក់ទៀតភៀសខ្លួនទាំងនៅក្នុងប្រទេស និងឆ្លងព្រំដែន ដែលបានធ្វើអោយវិបត្តិមនុស្សធម៌របស់ប្រទេសកាន់តែធ្លាក់ជ្រៅ។