ឮក្រសួងស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន បានរុះរើបណ្តាញរត់ពន្ធឥន្ធនៈដែលមានអង្គការចាត់តាំង និងជំនាញវិជ្ជាជីវៈ ចំនួន ៣៥ នៅក្នុងខេត្តចំនួនបី។
បន្ទាប់ពីអនុវត្តវិធានការស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការជាបន្តបន្ទាប់ កងកម្លាំងរបស់ក្រសួង បានជ្រៀតចូលដោយជោគជ័យនូវបណ្តាញដែលពាក់ព័ន្ធនឹងការរត់ពន្ធប្រេងឥន្ធនៈទ្រង់ទ្រាយធំពីប្រទេសអ៊ីរ៉ង់ទៅកាន់ឈ្មួញអន្តរជាតិ។ ក្រសួងបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា សមាជិកសំខាន់ៗនៃបណ្តាញនេះ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមាននីតិវិធីយ៉ាងចាំបាច់ពីតុលាការ។
ក្រសួងបានបន្ថែមថា ការចាប់ខ្លួនទាំងនេះ ត្រូវបានធ្វើឡើង នៅក្នុងខេត្ត Hormozgan, Tehran និង Alborz ដោយសង្កត់ធ្ងន់ថា តម្លៃនៃសកម្មភាពរបស់បណ្តាញនេះ មានចំនួន ១,៨២ពាន់លានដុល្លារ។
ក្រសួងបានបញ្ជាក់ថា អាជ្ញាធរក៏បានបិទគណនីធនាគាររបស់បុគ្គលជាង ៧០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ ដោយអះអាងថា មនុស្សទាំងនេះ បានជាប់ពាក់ព័ន្ធក្នុងការលាងលុយកខ្វក់ទ្រង់ទ្រាយធំសម្រាប់បណ្តាញនានា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាមួយនឹងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលលើតម្លៃប្រេងឥន្ធនៈក្នុងប្រទេសអ៊ីរ៉ង់ ការរត់ពន្ធប្រេងចេញពីប្រទេសនេះ គឺជាសកម្មភាពខុសច្បាស់ដែលរកកម្រៃបានយ៉ាងច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងកម្លាំងជើងទឹកអ៊ីរ៉ង់ បានរឹបអូសនាវាជាច្រើនគ្រឿង ដែលដឹកប្រេងរត់ពន្ធ។