ក្រសួងការបរទេសរបស់ប្រទេសអាល់ហ្សេរី បាននិយាយថា ខ្លួន «សោកស្តាយ» ចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យ ដែលគាំទ្រផែនការស្វ័យភាពរបស់ប្រទេសម៉ារ៉ុកសម្រាប់តំបន់ Sahara ភាគខាងលិចដែលមានជម្លោះ ដោយលុបចោលនូវគោលនយោបាយរយៈពេលជាច្រើនទស្សវត្សរ៍ក្នុងការគាំទ្រចំពោះការសម្រេចចិត្តដោយខ្លួនឯង។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រទេសអាល់ហ្សេរី សោកស្តាយចំពោះជម្រើសដែលធ្វើឡើងដោយចក្រភពអង់គ្លេស ដើម្បីគាំទ្រដល់ផែនការស្វ័យភាពរបស់ម៉ារ៉ុក។ ក្នុងរយៈពេល ១៨ ឆ្នាំនៃអត្ថិភាព ផែនការនេះ មិនដែលត្រូវបានបង្ហាញដល់ប្រជាជនដែលរស់នៅតំបន់ Sahara ភាគខាងលិច ជាមូលដ្ឋានសម្រាប់ការចរចា ហើយក៏មិនធ្លាប់ត្រូវបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ដោយបេសកជនអង្គការសហប្រជាជាតិ ជាបន្តបន្ទាប់ដែរ»។
