យោងតាមកម្មវិធីផ្ញើសារ Telegram របស់សារព័ត៌មាន Baza បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបញ្ជាក់ពីឧប្បត្តិហេតុផ្លូវរថភ្លើងទី៣ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយអះអាងថា ព្រឹត្តិការណ៍ទាំងនេះ គឺជាសកម្មភាពនៃអំពើវិឆ្ឆេទកម្ម ហើយបើកការស៊ើបអង្កេតលើការវាយប្រហារដែលត្រូវបានសង្ស័យថា ជាភេរវកម្ម។
បណ្តាញ Telegram របស់រុស្ស៊ី បានចែករំលែកព័ត៌មានថា កាលព្រឹកថ្ងៃអាទិត្យ (ទី១ ខែមិថុនា) ផ្លូវរថភ្លើងមួយ តាមការសង្ស័យ ត្រូវបានបំផ្ទុះ នៅជិតទីក្រុង Unecha ក្នុងតំបន់ Bryansk។ នាពេលនោះ រថភ្លើងត្រួតពិនិត្យវាយតម្លៃស្ថានភាពផ្លូវ ត្រូវបានគេរាយការណ៍ថា កំពុងធ្វើដំណើរឆ្លងកាត់។ យ៉ាងណាក្ដី មន្ត្រីបានអះអាងថា មិនមានអ្នករងរបួស ឬការខូចខាតអ្វីឡើយ។

ដោយដកស្រង់សម្តីកម្មករផ្លូវដែក ទំព័របណ្ដាញសង្គម ក្នុងស្រុក បានឲ្យដឹងថា ស្ពានផ្លូវដែក នៅទីក្រុង Unecha អាចត្រូវបានកំណត់គោលដៅនៅក្នុងការបំផ្ទុះនេះ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានប្រកាសថា ការបំផ្ទុះបានបំផ្លាញស្ពាននៅតំបន់ Bryansk និង Kursk។ ហើយក្រោយមក ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា ករណីឧក្រិដ្ឋកម្មកំពុងត្រូវបានស៊ើបអង្កេតក្រោមការចោទប្រកាន់ភេរវកម្ម។
វិមានក្រឹមឡាំងបានប្រកាសថា មេដឹករុស្ស៊ី លោក Vladimir Putin បានជជែកតាមទូរសព្ទជាមួយអភិបាលតំបន់ Bryansk លោក Oleksandr Bohomaz និងប្រធានផ្លូវដែករុស្ស៊ី លោក Oleg Belozerov។ ហើយយោងតាមអ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី គឺលោក Dmitry Peskov បានឲ្យដឹងថា លោក Putin បានទទួលរបាយការណ៍ ជុំវិញវិធានការនានា ដែលកំពុងត្រូវបានចាត់វិធានការឆ្លើយតបទៅនឹង «ស្ថានភាពគ្រាអាសន្ន»។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃសៅរ៍ (ទី៣១ ខែឧសភា) ស្ពានមួយបានបាក់រលំ នៅក្នុងតំបន់ Bryansk ខណៈដែលរថភ្លើងដឹកអ្នកដំណើរពីទីក្រុង Klimov ទៅទីក្រុងមូស្គូ បានឆ្លងកាត់។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានឲ្យដឹងថា មនុស្ស ៧នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត ខណៈ ៧១នាក់បានរងរបួស។ លើសពីនេះទៀត ស្ពានមួយទៀតបានបាក់រលំនៅលើផ្លូវហាយវេ ក្នុងតំបន់ Kursk ខណៈដែលរថភ្លើងដឹកទំនិញកំពុងឆ្លងកាត់។ ហើយបើយោងតាមអាជ្ញាធររុស្ស៊ី បានឲ្យដឹងថា ផ្នែករបស់រថភ្លើងបានធ្លាក់ទៅលើផ្លូវហាយវ៉េ ក្រោយកើតហេតុការណ៍នោះ៕

