មន្ត្រីក្នុងតំបន់ បានប្រាប់ឲ្យដឹងថា ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានសម្លាប់មនុស្ស ៥នាក់ នៅខាងក្រៅទីក្រុង Zaporizhzhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ខណៈដែលការវាយប្រហារដោយយានដ្រូនលើតំបន់ភាគឦសាន Sumy បានបណ្ដាលឲ្យមានអ្នករងរបួសយ៉ាងតិច ៦នាក់ ក្នុងនោះរួមមានទាំងកុមារ ២នាក់ផងដែរ នាព្រឹកថ្ងៃចន្ទ (ទី២ ខែមិថុនា)។
លោក Ivan Fedorov បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា ស្ត្រី ៣នាក់ បានបាត់បង់ជីវិត នៅក្នុងឧប្បត្តិហេតុបាញ់ផ្លោងរបស់រុស្ស៊ីជាបន្តបន្ទាប់ ដែលផ្តោតលើភូមិ Ternuvate ភាគខាងកើតនៃតំបន់ Zaporizhzhia កាលពីយប់ថ្ងៃអាទិត្យ។ ហាងមួយកន្លែង និងផ្ទះសម្បែងជាច្រើនខ្នង បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

លោក Fedorov បានបន្ថែមថា បុរសម្នាក់ បានស្លាប់នៅក្នុងតំបន់ក្បែរនោះ អំឡុងការវាយប្រហាររបស់រុស្ស៊ី ដោយគ្រាប់បែកពីលើអាកាស។ លោកបានបញ្ជាក់ថា អំឡុងការវាយប្រហាររបស់រុស្ស៊ីនេះ មនុស្សសរុប ៩នាក់ បានរងរបួស ហើយផ្ទះឯកជនមួយខ្នងត្រូវបានបំផ្លាញ។
នៅថ្ងៃចន្ទនេះដែរ តាមរយៈ Telegram អភិបាលតំបន់ លោក Oleh Sinehubov បានឲ្យដឹងថា កុមារ ២នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើតំបន់ Sumy។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើងក្នុងពេលដែលទាំងរុស្ស៊ី និងអ៊ុយក្រែន ជិតនឹងជួបប្រជុំជុំគ្នា សម្រាប់កិច្ចចរចាសន្តិភាព ដោយព្យាយាមរកវិធីបញ្ចប់សង្រ្គាមដែលរុស្ស៊ីឮបានចាប់ផ្តើមដោយការលុកលុយពេញបន្ទុកទៅលើប្រទេសជិតខាងតូចខ្លួន កាលពីជាង ៣ឆ្នាំមុន៕

