ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសអ៊ីស្រាអែល លោក Mike Huckabee បានរិះគន់ការតស៊ូមតិរបស់បារាំង ដែលឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយបានលើកឡើងថា ប្រសិនបើទីក្រុងប៉ារីសគាំទ្រដំណើរការបែបនេះ ខ្លួនអាច «កាត់ចំណែកឆ្នេរបស់បាំង ហើយបង្កើតរដ្ឋមួយទៅ»។
គួរបញ្ជាក់ថា ប្រទេសបារាំងកំពុងធ្វើជាសហប្រធានជាមួយអារ៉ាប៊ីសាអ៊ូឌីត កាលពីខែឧសភា សម្រាប់សន្និសីទអន្តរជាតិមួយ នៅអង្គការសហប្រជាជាតិ (UN) ក្នុងគោលបំណងស្តារឡើងវិញនូវគំនិតនៃដំណោះស្រាយរដ្ឋ២ ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ជំទាស់។ ជាមួយគ្នានេះ ទីក្រុងប៉ារីសក៏បានប្រាប់ឲ្យដឹងថា ខ្លួនអាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយផ្ទាល់ខ្លួន នៅឆ្នាំ២០២៥។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា លោក Huckabee បានហៅគំនិតផ្តួចផ្តើមនៅអង្គការសហប្រជាជាតិនេះថា «ពិតជាមិនសមរម្យទាល់តែសោះ នៅពេលដែលអ៊ីស្រាអែលកំពុងស្ថិតក្នុងស្ថានការណ៍មានសង្រ្គាមបែបនេះ»។

ដោយសំដៅទៅលើការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីឆ្នាំ២០២៣ លើអ៊ីស្រាអែល ទើបបង្កឲ្យមានសង្រ្គាម នៅតំបន់ហ្កាហ្សា លោកបាននិយាយថា៖ «ថ្ងៃទី៧ ខែតុលា បានផ្លាស់ប្តូរអ្វីៗជាច្រើន។ ប្រសិនបើប្រទេសបារាំង ពិតជាមានការតាំងចិត្តខ្លាំងណាស់ ក្នុងការបានឃើញរដ្ឋប៉ាឡេស្ទីន ខ្ញុំមានសំណើមួយសម្រាប់ពួកគេ គឺកាត់ចំណែកនៃឆ្នេរបារាំង និងបង្កើតរដ្ឋប៉ាឡេស្ទីន»។
កាលពីថ្ងៃទី៣០ ខែឧសភា អ៊ីស្រាអែល បានចោទប្រកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ថា បានធ្វើ «ចលនាប្រឆាំងនឹងរដ្ឋជ្វីហ្វ» បន្ទាប់ពីលោកបានអំពាវនាវឲ្យបណ្តាប្រទេសអ៊ឺរ៉ុបពង្រឹងជំហរតឹងរ៉ឹង ចំពោះអ៊ីស្រាអែល ប្រសិនបើស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សា មិនមានភាពប្រសើរឡើងទេនោះ៕

