ភ្នំពេញ៖ បន្ទាប់ពីប្រព្រឹត្តទៅយ៉ាងសកម្ម និងសប្បាយរីករាយអស់រយៈពេល ២ថ្ងៃកន្លងមក កម្មវិធីប្រកួតដាល់អំបុក ឈ្មោះថា អំបុកខ្មែរ ថែប្រពៃណីជាតិ ដែលប្រារព្ធធ្វើឡើងនៅស្រុកំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយទាក់ទាញបានប្រជាពលរដ្ឋជិតឆ្ងាយ ទាំងភ្ញៀវជាតិ និងភ្ញៀវបរទេសចូលរួម និងស្នើរឲ្យរៀបចំបន្តទៀតនៅឆ្នាំក្រោយៗ។
ការរៀបចំឲ្យមានពិធីប្រកួតដាល់អំបុកឈ្មោះថា អំបុកខ្មែរ ថែប្រពៃណិជាតិ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដែលជាអ្នកចាត់ចែងរៀបចំពិធី បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័តមានថា កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៨ និង១៩ ធ្នូ ឆ្នាំ២០២១នេះ ដែលរៀបចំឲ្យមានការប្រកួតដាល់អំបុក សិល្បករ សិល្បការិនីជាគូប្រកួតប្រជែង ចំនួន៥ក្រុម សុទ្ធតែជាអ្នកទទួលបានការអប់រំពីស្ថាប័នជំនាញ ត្រូវឆ្លងកាត់វិញ្ញសាទាំងអស់ ដែលជាការដាល់អំបុកពិតប្រាកដ ដូចជាត្រូវចុះទៅច្រូតស្រូវនៅក្នុងស្រែដោយផ្ទាល់ យកមកបោកបែន រោយ អុំ ស្ទៃ រួចហើយលីង ទើបដាល់បានជាអំបុក និងអុំ ស្ទៃ ដូចដែលដូនតាខ្មែរ បានធ្វើជាប្រពៃណីរួចមកស្រាប់ ទើបយកអំបុកទៅដាក់ជូនគណៈកម្មការដាក់ពិន្ទុ និងសម្រេចជ័យលាភី ។
លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះ ពិតជាទទួលបានជោគជ័យយ៉ាងខ្លាំង ដោយមូលហេតុថា ទាំងក្រុមប្រកួតក៏យ៉ាងសកម្មស្វាហាប់ ទាំងប្រជាពលរដ្ឋទីជិតឆ្ងាយ អ្នករស់នៅក្នុងមូលដ្ឋានជុំវិញ ក៏ដូចជាភ្ញៀវខ្មែរនិងបរទេសដែលបានចូលរួមទស្សនា បានកម្សាន្តដោយអារម្មណ៍សប្បាយរីករាយ អមជាមួយនិងស្នាមញញឹមគ្រប់ៗគ្នា។
ពិធីប្រកួតដាល់អំបុក ឈ្មោះថា អំបុកខ្មែរ ថែប្រពៃណិជាតិ គឺជាកម្មវិធីមួយ នៃកម្មវិធីសិប្បៈបុរណា និងសិល្បសម័យជាច្រើន ដែលត្រូវបានរៀបចំសម្តែងជូនទស្សនាកម្សាន្តនៅក្នុងពិធីបុណ្យ ដើម្បីសម្គាល់ក្នុងការចាប់ផ្តើម សាងសង់មជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំមួយ បែបទេសចរណ៍ធម្មជាតិ នៅលើផ្ទៃដីប្រមាណជា ១៥០ហិកតា។ប្រការគួរឱ្យចាប់អារម្មណ៍មួយទៀត គឺថា ទីតាំងដែលនឹងត្រូវបានស្ថាបនាមជ្ឈមណ្ឌលព្រះពុទ្ធសាសនា បែបទេសចរណ៍ធម្មជាតិនោះ ស្ថិតនៅក្បែរភ្នំនាងកង្រីដ៏ល្បីល្បាញឈ្មោះ៕ អត្ថបទ៖ ឈិត បូរ៉ាវី