អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃចន្ទ (ទី២ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៤នាក់ បានបាត់បង់ជីវិត នៅតំបន់ភាគឦសាននៃប្រទេសឥណ្ឌា បន្ទាប់ពីទឹកជំនន់ធំ បានបណ្តាលឲ្យមានបំណាក់ដី ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ ហើយនាយកដ្ឋានអាកាសធាតុបានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។
ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា អ្នកទេសចរជាង ១ពាន់នាក់ដែលជាប់នៅក្នុងរដ្ឋតំបន់ភ្នំហិមាល័យ Sikkim កំពុងត្រូវបានជម្លៀសចេញ នៅថ្ងៃចន្ទនេះ ហើយក្រុមជួយសង្គ្រោះរបស់កងទ័ពត្រូវបានកោះហៅឲ្យធ្វើការភ្លាមៗ នៅក្នុងរដ្ឋ Meghalaya ដើម្បីជួយសង្គ្រោះមនុស្សជាង ៥០០នាក់ដែលជាប់នៅក្នុងតំបន់ទឹកជំនន់។

អាជ្ញាធរបានព្រមានពីការមានបំណាក់ដីបន្ថែមទៀត និងទឹកជំនន់យ៉ាងគំហុកភ្លាមៗ ដោយជំរុញឲ្យអ្នកស្រុក នៅតំបន់ងាយរងគ្រោះ បន្តប្រុងប្រយ័ត្ន។ ភាគឦសាននៃឥណ្ឌា និងប្រទេសបង់ក្លាដែស ងាយនឹងមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាបំណាក់ដីដ៏គ្រោះថ្នាក់ និងទឹកជំនន់យ៉ាងគំហុកភ្លាមៗ ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ។
រូបភាពពីទីភ្នាក់ងារសារព័ត៌មាន ANI បានបង្ហាញឲ្យឃើញថា ផ្លូវ និងផ្ទះសម្បែង នៅក្នុងទីក្រុង Silchar នៃរដ្ឋ Assam ត្រូវបានជន់លិច ហើយដើមឈើដួលរលំរដូករណែលពេញផ្លូវ៕


