ព្រះមហាក្សត្រ Abdullah II នៃហ្ស៊កដានីកាលពីថ្ងៃអាទិត្យ បានព្រមានប្រឆាំងនឹងការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់និងមិនធ្លាប់មានពីមុនមក ដែលកំណត់គោលដៅលើប្រជាជនប៉ាឡេស្ទីន នៅតំបន់ វេសបែង ក៏ដូចជាទីតាំងដ៏ពិសិដ្ឋរបស់សាសនាឥស្លាមនិងគ្រិស្តសាសនា នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម។
ព្រះមហាក្សហ្ស៊កដានី បានធ្វើការអត្ថាធិប្បាយនេះ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងអាម៉ាន ជាមួយគណៈប្រតិភូនៃគណៈរដ្ឋមន្ត្រីអារ៉ាប់-ឥស្លាម ដែលមានភារកិច្ចសម្របសម្រួលសកម្មភាពអន្តរជាតិ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរដ្ឋាភិបាល Royal Hashemite។

កិច្ចប្រជុំដែលត្រូវបានចូលរួមដោយព្រះអង្គម្ចាស់ហ្ស៊កដានី Hussein បានគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប់ ដើម្បីបញ្ឈប់សង្គ្រាមនៅតំបន់ហ្កាហ្សា និងធានាការបញ្ជូនជំនួយចូលទៅគ្រប់ផ្នែកទាំងអស់ នៅដែនដីនេះ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ព្រះមហាក្សត្រហ្ស៊កដានី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការសម្របសម្រួល ជាមួយដៃគូសកម្មក្នុងការបង្កើនសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីបញ្ឈប់សោកនាដកម្ម ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា។
កិច្ចពិភាក្សា ក៏បានលើកឡើងពីសារៈសំខាន់នៃការបន្តកៀរគរការគាំទ្រពីអន្តរជាតិ ដើម្បីឲ្យប្រជាជនប៉ាឡេស្ទីនទទួលបានសិទ្ធិស្របច្បាប់ពេញលេញរបស់ពួកគេ និងដើម្បីបង្កើតបរិយាកាសនយោបាយសម្រាប់សន្តិភាព ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។
