នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយនៅថ្ងៃចន្ទនេះថា ចក្រភពអង់គ្លេស មិនអាចព្រងើយកន្តើយនឹងការគំរាមកំហែង ដែលបង្កឡើងដោយរុស្ស៊ីនោះទេ មុនពេលការបោះពុម្ពផ្សាយនូវការត្រួតពិនិត្យជាយុទ្ធសាស្ត្រ ដែលត្រូវបានគេរំពឹងថា នឹងអំពាវនាវឲ្យមានការត្រៀមខ្លួនកាន់តែខ្លាំងឡើង ដើម្បីប្រយុទ្ធនឹងសង្គ្រាមដ៏ទំនើប។
នៅពេលសួរថាតើចក្រភពអង់គ្លេសនឹងត្រូវបញ្ជូនកងទ័ពទៅប្រយុទ្ធក្នុងជម្លោះអឺរ៉ុប នាពេលអនាគតដែរឬទេ លោក Starmer បានប្រាប់សារព័ត៌មាន BBCថា៖«យើងមិនអាចព្រងើយកន្តើយនឹងការគំរាមកំហែងដែលរុស្ស៊ីបង្ករឡើងបានទេ។ យើងបានឃើញអ្វីដែលបានកើតឡើង នៅអ៊ុយក្រែនជាង បីឆ្នាំ កន្លងទៅនេះ។

ចក្រភពអង់គ្លេស នឹងសាងសង់នាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរថ្មី និងបង្កើតកងទ័ពត្រៀមប្រយុទ្ធ ក្នុងសង្គ្រាមនៅអឺរ៉ុប ដែលជាផ្នែកមួយនៃការជំរុញការចំណាយយោធាដែលត្រូវបានធ្វើឡើង ដើម្បីផ្ញើសារ ទៅកាន់ទីក្រុងមូស្គូនិងវ៉ាស៊ីនតោន។
លោក Starmer បានប្រាប់សារព័ត៌មាននេះថា៖«យើងត្រូវទទួលស្គាល់ថា ពិភពលោកបានផ្លាស់ប្តូរ»។ «ដោយមានអស្ថិរភាពខ្លាំងជាងដែលមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងការគំរាមកំហែងកាន់តែខ្លាំងឡើង»។
ប្រធានអង្គការណាតូ លោក Mark Rutte និយាយថា មេដឹកនាំនៃប្រទេសសមាជិកទាំង ៣២ នឹងពិភាក្សាគ្នាអំពីការប្តេជ្ញាចិត្ត ក្នុងការចំណាយយ៉ាងហោចណាស់ ៣,៥ ភាគរយនៃផលិតក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ នៅពេលដែលពួកគេជួបគ្នា នៅប្រទេសហូឡង់ ក្នុងខែនេះ។
