កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានថ្កោលទោសក្រុមឃ្លាំមើលលើការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ចំពោះការចេញរបាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ដោយហៅទង្វើនេះថា ជាការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋមួយ។
ក្រុមឃ្លាំមើលទណ្ឌកម្មពហុភាគី (MSMT) កាលពីថ្ងៃព្រហស្បតិ៍ បានចេញរបាយការណ៍ដំបូងដែលរៀបរាប់អំពីកិច្ចសហប្រតិបត្តិការយោធាខុសច្បាប់ ដែលបានធ្វើឡើងរវាងកូរ៉េខាងជើង និងរុស្ស៊ីថា ជាការ រំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។

ប្រធានការិយាល័យគោលនយោបាយការបរទេស នៅក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ក្រុមឃ្លាំមើលទណ្ឌកម្មពហុភាគី (MSMT) បាន«បង្កហេតុផ្នែកនយោបាយ» ដោយការប្រឌិតរបាយការណ៍ដែលបានលើកយកបញ្ហាជាមួយទំនាក់ទំនងសហប្រតិបត្តិការរវាងកូរ៉េខាងជើងនិងរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ។
ដោយហៅ ក្រុមឃ្លាំមើលនេះថា ជា «ក្រុមក្លែងបន្លំដែលមិនមានភាពស្របច្បាប់ក្នុងលក្ខខណ្ឌនៃអត្ថិភាព និងគោលបំណង» មន្ត្រីរូបនេះបាននិយាយថា របាយការណ៍នេះ គឺជាការរំលោភលើគោលការណ៍ច្បាប់អន្តរជាតិ ដែលផ្តោតលើសមភាពអធិបតេយ្យភាព និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ។
