កាលពីថ្ងៃអាទិត្យម្សិលមិញ អ៊ុយក្រែនបញ្ចេញរូបថតសន្លឹកឃើញយានដ្រូនដែលត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារលើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តនៅមូលដ្ឋានកងទ័ពអាកាសរុស្ស៊ី ។
រូបថតសន្លឹកដែលត្រូវបានចែករំលែកជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រដោយមន្រ្តីសន្តិសុខអ៊ុយក្រែន ឃើញយានដ្រូនឧទ្ធម្ភាគចក្ររយៈចម្ងាយជិតរាប់សិបគ្រឿងគរលើគ្នានៅទីតាំងឧស្សាហកម្មមួយកន្លែង ។ មន្រ្តីរូបនោះ និយាយថា ទាំងនេះគឺជាយានដ្រូនតែមួយដែលត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារ លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី ។

ទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន(SBU)ទទួលស្គាល់ថា ខ្លួនបានចុះប្រតិបត្តិការនេះ ហើយនិងធ្វើឲ្យមានការខូចខាតសរុបជាទឹកប្រាក់ប្រហែល ៧ពាន់លានដុល្លារ ។
ខណៈពេលនោះដែរ មន្ត្រីក្នុងតំបន់លោក Ivan Fedorov បានប្រាប់ឲ្យដឹងថា ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានសម្លាប់មនុស្ស ៥នាក់ នៅខាងក្រៅទីក្រុង Zaporizhzhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ខណៈដែលការវាយប្រហារដោយយានដ្រូនលើតំបន់ភាគឦសាន Sumy បានបណ្ដាលឲ្យមានអ្នករងរបួសយ៉ាងតិច ៦នាក់ ក្នុងនោះរួមមានទាំងកុមារ ២នាក់ផងដែរ នាព្រឹកថ្ងៃចន្ទនេះ ។
លោក Fedorov បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា ស្ត្រី ៣នាក់ បានបាត់បង់ជីវិត នៅក្នុងឧប្បត្តិហេតុបាញ់ផ្លោងរបស់រុស្ស៊ីជាបន្តបន្ទាប់ ដែលផ្តោតលើភូមិ Ternuvate ស្ថិតនៅភាគខាងកើតនៃតំបន់ Zaporizhzhia កាលពីយប់ថ្ងៃអាទិត្យ ៕
