ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានិយាយថា ជនប៉ាឡេស្ទីនជាង ៣០នាក់ត្រូវបានសម្លាប់ និងមនុស្សជិត ១៧០នាក់ បានរងរបួសកាលពីថ្ងៃអាទិត្យ នៅភាគខាងត្បូងហ្កាហ្សានៅជិតទីតាំងចែកចាយជំនួយ ស្របពេលដែលសាក្សីនិយាយថា ទាហានអ៊ីស្រាអែលបាញ់ប្រហារមនុស្សដែលព្យាយាមដណ្តើមជំនួយ ប៉ុន្តែអ៊ីស្រាអែល បានច្រានចោល ។
មូលនិធិមនុស្សធម៌ហ្កាហ្សា(GHF)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និយាយថា ជំនួយត្រូវបានចែកចាយដោយគ្មានឧបទ្ទេវហេតុកើតឡើងនោះទេ កាលពីថ្ងៃអាទិត្យ នៅទីតាំងចែកចាយជំនួយស្ថិតក្នុងទីក្រុង Rafah ហើយក៏គ្មានមនុស្សស្លាប់ ឬរងរបួសនោះដែរ ។

GHF បានបញ្ចេញវីដេអូគ្មានកាលបរិច្ឆេតដើម្បីគាំទ្រសេចក្តីថ្លែងការណ៍របស់ពួកគេ ឃើញមនុស្សរាប់សិបនាក់ជួបជុំគ្នានៅជុំវិញគំនរប្រអប់ជំនួយ ។
យោធាអ៊ីស្រាអែលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការរកឃើញពីការស៊ើបអង្កេតដំបូងបង្ហាញថា ទាហានពុំបានបាញ់ប្រហារលើជនស៊ីវិលនោះទេ ខណៈពេលដែលពួកគេនៅជិត ឬនៅក្នុងទីតាំងចែកចាយជំនួយ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រុក និងគ្រូពេទ្យបឋមនិយាយថា ទាហានអ៊ីស្រាអែលបានបាញ់ប្រហារលើជនប៉ាឡេស្ទីន ហើយរថក្រោះ បានផ្លោងគ្រាប់កាំភ្លើងធំលើមនុស្សរាប់ពាន់នាក់ ដែលស្ថិតនៅតាមផ្លូវទៅទទួលជំនួយពីទីក្រុង Rafah ។
មូលនិធិ GHF ត្រូវបានរិះគន់ជាសកលដោយសហគមន៍អន្តរជាតិ ក្នុងនោះក្រុមមន្រ្តីអង្គការសហប្រជាជាតិ(UN)និយាយថា ផែនការជំនួយយរបស់ពួកគេ មានតែបង្ខំឲ្យជនប៉ាឡេស្ទីនបំលាស់ទី នៅតំបន់ហ្កហ្សា និងធ្វើឲ្យកើតមានអំពើហិង្សាខ្លាំងជាងមុនប៉ុណ្ណោះ ៕
