សារព័ត៌មានរដ្ឋរាយការណ៍នៅថ្ងៃចន្ទនេះថា ទឹកជំនន់ដ៏គំហុកនៅខេត្ត Yunnan ប្រទេសចិន បានធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង បំផ្លិចបំផ្លាញអគារ និងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជិត ៤.៨០០នាក់ ។
រូបភាពវីដេអូឃ្លីបដែលបានចុះផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV ឃើញប្រជាពលរដ្ឋនៅក្នុងស្រុក Deqin ស្ថិតក្នុងខេត្តស្វយ័តទីបេតិ៍ Diqing ត្រូវបានសង្រ្គោះ ក្រោយទឹកជំនន់ធ្ងន់ធ្ងរបណ្តាលឲ្យផ្លូវបាក់ ។ ប្រជាពលរដ្ឋនៅស្រុក Deqin ត្រូវបានជួយសង្រ្គោះ ឬបំលាស់ទីទៅកាន់ទីទួលសុវត្ថិភាព ។

ដោយឡែកនៅខេត្តស្វយ័ត Nujiang Lisu ភ្លៀងធ្លាក់ខ្លាំងបន្តវាយប្រហារតំបន់រស់នៅរបស់អ្នកស្រុក ពេលដែលទឹកទន្លេហូរប្រៀបច្រាំង បានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងដំណាំ ។
ការងារជួសជុលផ្លូវ និងបង្គោលភ្លើង កំពុងធ្វើឡើង ហើយក្រុមអាជ្ញាធរ បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ត្រូវបានព្យាករថានឹងកើតមាននៅខេត្ត Diqing និងខេត្ត Nujiang Lisu នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕
