រដ្ឋអាជ្ញានៃតំបន់ Draguignan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិទុយនីស៊ីម្នាក់ ត្រូវបានអ្នកជិតខាងរបស់ខ្លួនបាញ់សម្លាប់ នៅភាគខាងត្បូងប្រទេសបារាំង ដោយបន្ថែមថា ឧប្បត្តិហេតុនេះ កំពុងត្រូវបានស៊ើបអង្កេតថា ជាឧក្រិដ្ឋកម្មប្រកាន់ពូជសាសន៍។

ជនរងគ្រោះ ដែលត្រូវបានគេនិយាយថា អាចមានអាយុ ៣៥ឆ្នាំ ប៉ុន្តែមិនត្រូវបានស្គាល់អត្តសញ្ញាណជាផ្លូវការនោះទេ ត្រូវបានសម្លាប់ កាលពីយប់ថ្ងៃសៅរ៍ នៅក្នុងទីក្រុង Puget-sur-Argens ។ ជនជាតិទួរគីអាយុ២៥ឆ្នាំម្នាក់ ក៏ត្រូវបុរសនោះបាញ់ចំដៃផងដែរ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ឧបទ្ទវហេតុនេះ បានកើតឡើង រយៈពេលមួយខែបន្ទាប់ពីការចាក់សម្លាប់លោក Aboubakar Cisse ដែលបុរសអាយុ ២២ ឆ្នាំ មកពីប្រទេសម៉ាលី នៅក្នុងវិហារឥស្លាមមួយ ក្នុងទីក្រុង La Grand-Combe ភាគខាងត្បូង ចំពេលមានការកើនឡើងនៃការរើសអើងជាតិសាសន៍ នៅក្នុងប្រទេសបារាំង។
កាលពីឆ្នាំមុន នគរបាលបារាំង បានកត់ត្រាការកើនឡើងចំនួន ១១ ភាគរយ នៅក្នុងឧក្រិដ្ឋកម្មប្រកាន់ពូជសាសន៍ ការរើសអើងពូជសាសន៍ ឬប្រឆាំងសាសនា។ នេះបើយោងតាមទិន្នន័យផ្លូវការ ដែលបានចេញផ្សាយ នៅក្នុងខែមីនា។
