រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo នៅថ្ងៃចន្ទ (ទី២ ខែមិថុនា) នេះ បាននិយាយថា ប្រទេសហ្វីលីពីន និងសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាចាប់ផ្តើមកិច្ចសន្ទនា ស្តីពីសន្តិសុខ និងការពារជាតិ ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងលេចឡើង ដូចជាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការជ្រៀតជ្រែកពីបរទេស។
ការប្រកាសនេះ បានកើតមានឡើងអំឡុងដំណើរទស្សនកិច្ចនៅទីក្រុងម៉ានីលរបស់ប្រធានគោលនយោបាយការបរទេស EU លោកស្រី Kaja Kallas សម្រាប់កិច្ចប្រជុំជាមួយលោក Manalo ក៏ដូចជាការចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.។

នៅឯសន្និសីទរួមមួយជាមួយលោកស្រី Kallas លោក Manalo បានលើកឡើងថា៖ «យើងសង្ឃឹមថា តាមរយៈកិច្ចសន្ទនាផ្នែកសន្តិសុខ និងការពារជាតិ យើងនឹងនៅតែសកម្ម និងរួបរួមគ្នាដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើតមានឡើងហួសពីព្រំដែន ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការជ្រៀតជ្រែកពីបរទេស ព្រមទាំងការរៀបចំបំភ្លៃព័ត៌មាន»។
លោកស្រី Kallas បាននិយាយថា ការសន្ទនាថ្មីនឹងក្លាយជា «វេទិកាផ្ដោត» ដែលប្លុកក្នុងតំបន់ និងហ្វីលីពីន អាចពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ចែករំលែកជំនាញលើបញ្ហាសន្តិសុខ និងស្វែងរកគំនិតផ្តួចផ្តើមរួមគ្នា។
កិច្ចសន្ទនានេះ នឹងជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ រវាងហ្វីលីពីន និង EU ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ និងចូលជាធរមាននៅក្នុងឆ្នាំ២០១៨។ ហើយលោកស្រី Kallas បានបញ្ជាក់ថា EU នៅតែប្តេជ្ញាចិត្តក្នុងការរក្សាសណ្តាប់ធ្នាប់ដែលពឹងផ្អែកលើច្បាប់ លើកកម្ពស់សន្តិភាព និងដោះស្រាយកង្វល់រួម នៅសមុទ្រចិនខាងត្បូង ក៏ដូចជាសង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន៕
