ភ្នំពេញ៖ ការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ មានតម្លៃទឹកប្រាក់ សរុបជាង ៥ ពាន់លានដុល្លារអាមេរិក លើគម្រោងជិត ៤ ពាន់គម្រោង ។
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុកក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២១ បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួនជិត ៤ ០០០ គម្រោង លើផ្ទៃក្រឡាសំណង់ ១២ លានម៉ែត្រការ៉េ កើនឡើងជាង ៣០០គម្រោង ដោយមានតម្លៃទឹកប្រាក់វិនិយោគសរុបជាង ៥ ២១០ លានដុល្លារ កើនឡើងជាង ៣០០ លានដុល្លារ បើធៀបរយៈពេលដូច គ្នាទៅឆ្នាំ ២០២០។
គម្រោងដែលបានស្នើសុំសាងសង់រួមមាន៖ អគារពាណិជ្ជកម្ម អគារផ្សារ សណ្ឋាគារ សំណង់អគារលំនៅ ឋាន បុរី ផ្ទះល្វែង សំណង់អាគារពហុមុខងារ និងសំណង់រោងចក្រឧស្សាហកម្មនានាជាដើម។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាថា បន្ទាប់ រាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ អ្នកធ្វើដំណើរក្នុងស្រុក បានកំពុងសម្លឹងមើលលើការវិនិយោគលើវិស័យអចលនទ្រព្យ ដូចជា ការទិញ-លក់ដីធ្លី និងផ្ទះសម្បែងជាដើម ខណៈវិនិយោគិនបរទេសមិនទាន់ធ្វើដំណើរចូលប្រទេសកម្ពុជាបានផុលផុសនៅឡើយ តែទោះបីយ៉ាងណា យើងរំពឹងថា នៅដើមឆ្នាំក្រោយ បន្ទាប់ពីចូលឆ្នាំចិនរួច វិនិយោគិនបរទេសនឹងចូលមកកម្ពុជា ក្នុងនោះសម្រាប់ វិស័យអចលនទ្រព្យ ពួកគេអាចនឹងមានការចាប់អារម្មណ៍ច្រើន។
បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ វិស័យសំណង់ត្រូវបានរំពឹងថា នឹងងើបឡើងក្នុងល្បឿនយឺត ដោយសារការរំពឹងទុកនៃការងើបឡើងវិញសន្សឹមៗ នូវទំនុកចិត្តវិនិយោគ និងរំហូរវិនិយោគ ជាពិសេសសកម្ម ភាពសំណង់បម្រើឲ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលកម្មភាពសំណង់លំនៅឋានក៏ត្រូវបានរំពឹងថា នូវរក្សាកំណើន ប៉ុន្តែស្ថិតនៅក្នុងកម្រិតទាប៕អត្ថបទ៖ សុន រ៉ាឌី