មនុស្សយ៉ាងហោច ១៤នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន ក្រោយខ្យល់ព្យុះដ៏ខ្លាំងក្លាវាយប្រហារខេត្ត Sindh កាលពីចុងសប្តាហ៍កន្លងទៅ ខណៈរដ្ឋធានីម៉ុមបៃប្រទេសឥណ្ឌា ប្រឈមនឹងទឹកជំនន់ដ៏គំហុក និងភាពវឹកវរការធ្វើដំណើរ ពេលដែលភ្លៀងមូសុងវស្សា បានមកដល់លឿន បន្ទាប់ពីរយៈពេលប៉ុន្មានសប្តាហ៍នៃរលកកម្តៅ ។
មនុស្សស្លាប់នៅប៉ាគីស្ថាន បានកើតមានឡើង ពេលដែលខ្យល់បក់ខ្លាំង និងព្យុះផ្គររន្ទះ បោកបក់ឆ្លងកាត់ស្រុកភាគខាងត្បូងនៅខេត្ត Sindh កាលពីល្ងាចថ្ងៃសៅរ៍ បណ្តាលឲ្យផ្ទះបាក់រលំ និងដើមឈើដួលរលំ ។
មនុស្សស្លាប់ជាច្រើននាក់ ត្រូវបានគេរាយការណ៍ផងដែរនៅខេត្ត Punjab ពេលដែលសន្ទុះខ្យល់បក់ខ្លាំងផ្តួលរំលំដើមឈើ បង្គោលភ្លើង និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ រួមទាំងនៅរដ្ឋធានី Islamabad ផងដែរ ។ ក្រុមមន្រ្តីនិយាយថា ភាគច្រើននៃជនរងគ្រោះគឺជាកុមារ ហើយមនុស្សជាង ១០០នាក់ បានរងរបួស ។ ខ្យល់ព្យុះនេះ បានកើតមានឡើង បន្ទាប់រលកកម្តៅ ពេលដែលសីតុណ្ហភាព កើនឡើងដល់ ៤៥អង្សាសេ ។
នៅក្នុងប្រទេសឥណ្ឌា ដែលមុននេះរងការវាយប្រហារពីរលកកម្តៅដែរនោះ រដូវវស្សាបានមកដល់លឿនជាង ១សប្តាហ៍ ហើយទឹកភ្លៀងបានជន់លិចតំបន់ជាច្រើននៅក្នុងទីក្រុងម៉ុមបៃនាថ្ងៃចន្ទនេះ ធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍ និងពន្យាពេលជើងហោះហើរ ។ មនុស្សយ៉ាងហោច ៣២នាក់ បានស្លាប់នៅទូទាំងតំបន់ភាគឦសានប្រទេសឥណ្ឌា ៕