តុលាការទីក្រុងប៊ែរឡាំង បានចេញសេចក្តីសម្រេចកាលពីថ្ងៃច័ន្ទ ទី២ ខែមិថុនា ថា ប្រទេសអាល្លឺម៉ង់ មានចំណាត់ការមិនស្របច្បាប់ដោយការបង្វែរអ្នកស្វែងរកសិទ្ធិជ្រកកោនត្រឡប់ទៅវិញនៅព្រំដែន ដោយលើកឡើងពីករណីដែលនគរបាលព្រំដែន បានបណ្តេញពលរដ្ឋសូម៉ាលីបីនាក់ ដែលបានព្យាយាមចូលទៅប្រទេសនេះពីប្រទេសប៉ូឡូញ។
សេចក្តីថ្លែងការណ៍របស់តុលាការបាននិយាយថា បុរសពីរនាក់ និងស្ត្រីម្នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសប៉ូឡូញវិញ ពីស្ថានីយ៍រថភ្លើងក្នុងទីក្រុង Frankfurt an der Oder នៅព្រំដែនភាគខាងកើតប្រទេសអាល្លឺម៉ង់ ក្រោមហេតុផលថា ពួកគេបានព្យាយាមចូលមកពីប្រទេសទីបីដែលមានសុវត្ថិភាព។
សេចក្តីសម្រេចនេះ អាចប្រឈមនឹងជំហរការធ្វើអន្តោប្រវេសន៍កាន់តែតឹងរ៉ឹងដោយក្រុមចម្រុះដឹកនាំដោយក្រុមអភិរក្សនិយមរបស់អធិការបតី លោក Friedrich Merz ដែលបានជាប់ឆ្នោតកាលពីខែកុម្ភៈ ដោយសន្យាថានឹងមានការបង្ក្រាប ដែលបង្កឱ្យមានការព្រួយបារម្ភនៅក្នុងប្រទេសជិតខាង។ ប្រព័ន្ធផ្សព្វផ្សាយ RBB បាននិយាយដោយដកស្រង់សម្តីអ្នកនាំពាក្យតុលាការថា វាជាករណីដំបូង ចាប់តាំងពីលោក Merz ជាប់ឆ្នោត។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Alexander Dobrindt បានការពារការបណ្តេញចេញ និងបាននិយាយអំពី «ករណីបុគ្គល» ដោយនិយាយថាលោកនឹងផ្តល់ហេតុផលត្រឹមត្រូវដល់តុលាការសម្រាប់ការហាមឃាត់មិនឲ្យចូល។ លោកបានប្រាប់អ្នកសារព័ត៌មានថា «ចំនួនអ្នកស្វែងរកសិទ្ធជ្រកកោន គឺខ្ពស់ខ្លាំង ដែលយើងកំពុងប្រកាន់ខ្ជាប់នូវការអនុវត្តរបស់យើង»។ តុលាការបានចាត់ទុកការបដិសេធចំពោះអ្នកដាក់ពាក្យសុំថា «ខុសច្បាប់» នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយពន្យល់ថា ពាក្យសុំសិទ្ធិជ្រកកោនរបស់ពួកគេ គួរតែត្រូវបានដំណើរការដោយប្រទេសអាល្លឺម៉ង់ ក្រោមច្បាប់ដែលគេហៅថា Dublin របស់សហភាពអឺរ៉ុប ដែលកំណត់ថាប្រទេសណាមួយក៏ដោយ មានទំនួលខុសត្រូវក្នុងដំណើរការពាក្យសុំសិទ្ធិជ្រកកោន។