ឆ្លងកាត់សង្រ្គាមជិត ២០ខែនៅដែនដីហ្កាហ្សា ក្រុមអ្នកសម្រុះសម្រួល និងអ្នកចរចាបានព្យាយាម - ហើយក៏បរាជ័យ - ម្ដងហើយម្ដងទៀតដើម្បីឈានដល់បទឈប់បាញ់យូរអង្វែងមួយរវាងភាគីជម្លោះក្រុមហាម៉ាស និងអ៊ីស្រាអែល។

ក្រុមហាម៉ាស ចង់បានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដែលនឹងអនុញ្ញាតឱ្យក្រុមនេះរក្សាឥទ្ធិពលនៅក្នុងតំបន់ហ្កាហ្សាក្រោយសង្គ្រាម។ ចំណែកអ៊ីស្រាអែល ចង់បានតែកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដែលអាចឱ្យខ្លួនបន្តកិច្ចខិតខំប្រឹងប្រែងដែលបរាជ័យក្នុងការកម្ចាត់ឬសគល់ក្រុមហាម៉ាសប៉ុណ្ណោះ។
ឥឡូវនេះ ជាថ្មីម្តងទៀត ភាពជាប់គាំងជាមូលដ្ឋាននោះ ដែលជាចំណុចជាប់គាំងចាស់ៗ បានបន្តក្លាយជាឧបសគ្គចម្បងចំពោះបទឈប់បាញ់ថ្មី។ បន្ទាប់ពីមានការសម្របសម្រួលជាថ្មីពីប្រេសិតអាមេរិក លោក Steve Witkoff និងក្រុមរបស់លោកកាលពីសប្តាហ៍មុន ចលនាហាម៉ាស បានស្វះស្វែងរកការធានាកាន់តែខ្លាំងថា បទឈប់បាញ់ថ្មីណាមួយនឹងវិវត្តទៅជាការបញ្ឈប់អរិភាពអចិន្ត្រៃយ៍។
ទោះបីជាសំណើកិច្ចព្រមព្រៀងថ្មីនេះនឹងមានការផ្អាកប្រយុទ្ធរយៈពេល ៦០ថ្ងៃជាផ្លូវការក៏ដោយ ក៏ក្រុមហាម៉ាសបានជំរុញឱ្យមានឃ្លាដែលធានាថា "ការចរចាត្រូវបន្តរហូតដល់កិច្ចព្រមព្រៀងអចិន្ត្រៃយ៍អាចសម្រេចបាន"។ ឃ្លានេះនឹងអនុញ្ញាតឱ្យបទឈប់បាញ់ ៦០ថ្ងៃត្រូវអូសបន្លាយដោយគ្មានកំណត់ ដោយបំផ្លាញក្តីសង្ឃឹមរបស់អ៊ីស្រាអែល ក្នុងការវិលទៅកាន់សមរភូមិវិញដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ។
ការទាមទាររបស់ក្រុមហាម៉ាស បានទាក់ទាញការឆ្លើយតបដដែលៗពីអ៊ីស្រាអែល ដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការឆ្លើយតបរបស់ពួកហាម៉ាស គឺមិនអាចទទួលយកបានទាល់តែសោះ ហើយជាជំហានថយក្រោយទៅវិញ"៕

