កងនាវាចរសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន Newsweek ថា ថ្មីៗនេះ នាវាពិឃាតរបស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ដោយប្រជែងនឹងការអះអាងសិទ្ធិលើដែនទឹកជម្លោះនេះពីប្រទេសចិន និងប្រទេសដទៃទៀត។
ប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក បានធ្វើឡើងនៅជិតប្រជុំកោះស្ព្រាតលី (Spratly) ដែលជាក្រុមប្រជុំកោះទាមទារដោយប្រទេសចិន វៀតណាម ហ្វីលីពីន កោះតៃវ៉ាន់ ម៉ាឡេស៊ី និងប្រ៊ុយណេ។ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយថា ប្រតិបត្តិការនេះមានគោលបំណងជាពិសេសដើម្បីប្រជែងនឹងការរឹតបន្តឹងលើការឆ្លងកាត់ដែនទឹក ដោយប្រទេសចិន កោះតៃវ៉ាន់ និងវៀតណាម។
យោធាអាមេរិក បាននិងកំពុងរក្សាវត្តមានរបស់ខ្លួននៅសមុទ្រចិនខាងត្បូង —ជាទីដែលការទាមទារអធិបតេយ្យភាពរបស់ចិន ត្រួតស៊ីគ្នាជាមួយនឹងប្រទេសដទៃទៀត— ដើម្បីរក្សានូវការចូលប្រើប្រាស់ស្របច្បាប់នៃដែនសមុទ្រ និងដែនអាកាសអន្តរជាតិ រួមទាំងសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើតំបន់នោះ។
ព័ត៌មានអំពីប្រតិបត្តិការនាវាចរណ៍របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ កើតឡើងស្របពេលមានរបាយការណ៍អំពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករបស់ចិន ទៅកាន់មូលដ្ឋានយោធានៅប្រជុំកោះ Paracel ដែលមានទីតាំងនៅភាគខាងជើងប្រជុំកោះ Spratly ហើយក៏ស្របពេលនឹងការវិលត្រឡប់នៃនាវាផ្ទុកយន្តហោះអាមេរិក ទៅកាន់សមុទ្រចិនខាងត្បូងដ៏ប្រកួតប្រជែង៕