ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា លើការងារបណ្តុះបណ្តាលជំនាញទេសចរណ៍។
នៅក្នុងកិច្ចប្រជុំនោះ ភាគីវិស័យឯកជនបានស្នើបណ្តាគណៈកម្មការគម្រោងហូការ ពង្រីកការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ប្រចាំខេត្តរបស់ខ្លួនអោយបានច្រើន ដើម្បីធានានិរន្តភាព ការផ្តល់សេវាប្រកបដោយគុណភាព និងការផ្តល់សេវាទេសចរណ៍មានតំលៃសមរម្យ។
បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា កន្លងមកក្រុមហ៊ុនការីទេសចរណ៍មានតម្រូវការច្រើននៃអ្នកជំនាញទេសចរណ៍ផ្នែកមគ្គុទេសក៏ទេសចរណ៍ ជំនាញចុងភៅនិងជំនាញនានាទៀតជាប្រចាំនៅតាមខេត្តគោលដៅទេសចរណ៍ ប៉ុន្តែក្រុមហ៊ុនមិនអាចរកបាន ហើយទាមទារអោយក្រុមហ៊ុនការីទេសចរណ៍នានានាំអ្នកជំនាញទេសចរណ៍ពីក្រុមហ៊ុនទៅជាមួយ នៅពេលនាំភ្ញៀវទេសចរជាតិអន្តរជាតិជាកញ្ចប់ទៅទស្សនាកម្សាន្តនៅតាមខេត្តគោលដៅទេសចរណ៍ ជាហេតុធ្វើអោយការរៀបចំកញ្ចប់ទេសចរណ៍ហាក់មានតម្លៃថ្លៃបន្តិច។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កន្លងមកក្រសួងទេសចរណ៍បានផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ជាច្រើន ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានស្នើមន្ទីរទេសចរណ៍ខេត្តទាំងអស់ដែលមានធនធានគ្រូបង្គោលក្នុងមន្ទីរទេសចរណ៍របស់ខ្លួន និងគ្រូបង្គោលដែលមកពីវិស័យឯកជនដែលទើបណ្តុះបណ្តាលបាននេះ ត្រូវធ្វើការបណ្តុះបណ្តាលជំនាញទេសចរណ៍នោះទៅដល់បុគ្គលិក និងយុវជននានាទៀត ដើម្បីធានាដល់និរន្តរភាពបង្កើតមូលធនមនុស្សគ្រប់គ្រាន់នៅក្នុងខេត្តរបស់ខ្លួន និងការជម្រុញផ្តល់សេវាទេសចរណ៍តាមមូលដ្ឋានអោយមានតម្លៃសមរម្យ។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការទេសចរណ៍ក្រសួងទេសចរណ៍ ថ្លែងថា នៅក្នុងដំណាក់កាលទី២ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញ ឆ្នាំ២០២០ ឆ្នាំ២០២៤ក្រោមជំនួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលស្វីល តាមរយៈទីភ្នាក់ងារការងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ និងអង្គការស្វីសខាន់ថាក់ នៅក្នុងឆ្នាំ២០២១នេះយើងបណ្តុះបណ្តាលគ្រូបង្គោលហូការ និងបុគ្គលិកជំនាញទេសចរណ៍សម្រាប់បណ្តុះបណ្តាលបន្តក្នុងមូលដ្ឋានអាជីវកម្មបានចំនួនជាង ៦០០នាក់ នៅតាមខេត្តគោលដៅរួមមាន៖ ខេត្តក្រចេះ ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី ខណៈក្នុងដំណាក់កាលទី១ គណៈកម្មការគ្រប់គ្រងគម្រោងហូការបានបណ្តុះបណ្តាលបុគ្គលិក និងយុវជនជាច្រើន និងបានវាយតំលៃទទួលស្គាល់អ្នកជំនាញជំនាញទេសចរណ៍បានប្រមាណជិត ១២០០នាក់៕ អត្ថបទ ស៊ុម សុខជា