ភ្នំពេញ៖ សមត្ថកិច្ចជំនាញ បានបង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា នារយៈពេលចុងក្រោយ ពិសេសក្នុងត្រីមាសចុងឆ្នាំ២០២១នេះ មានការកើនឡើង បណ្ដាលឲ្យមាន មនុស្សស្លាប់ច្រើន ហើយដើមចមនៃគ្រោះថ្នាក់ច្រើនជាងគេ គឺបណ្ដាលមកពីកាបើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនលឿន និងបើកបរមិនគោរអទិភាព ជាដើម។
ក្នុងពិធីសម្ពោធខ្សែភាពយន្តអប់រំរឿងខ្លី ស្តីពីសុវត្ថិភាពចរាចរណ៍ កាលពីល្ងាចម្សិលមិញ នាយ ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២១នេះ អត្រា នៃ គ្រោះថ្នាក់ចរាចរណ៍ នៅត្រីមាសទី១ ទី២ និងទី៣ មានការថយចុះច្រើន ជាមធ្យម ដែលនេះបង្ហាញពីការ ខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធនានា និងការចូលរួមអនុវត្តច្បាប់ចរចរណ៍ផ្លូវគោករបស់ពលរដ្ឋបានល្អ រួមទាំងស្របពេលបញ្ហាវិបត្តិកូវីដ-១៩ ។
ឯកឧត្តម បានឱ្យដឹងទៀតថា ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ មានការកើនខ្ពស់ឡើងវិញ នៅត្រី មាសទី៤ ចុងឆ្នាំនេះ ជាពិសេសក្រោយពេលបើកប្រទេសឡើងវិញ ដោយថ្ងៃខ្លះមានអ្នកស្លាប់រហូតដល់១២នាក់ ស្លាប់ជាក្រុមស្លាប់ជាគ្រួសារ ហើយជាមធ្យមមានការស្លាប់ក្នុងមួយថ្ងៃពី៥នាក់ ទៅ៦នាក់។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្ថែមថា ទន្ទឹមការព្រួយបារម្ភនេះ សមត្ថកិច្ចជំនាញ រួមនឹងភា គីពាក់ព័ន្ធក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បានដាក់ចេញជាបន្តបន្ទាប់ និងរឹតបន្តឹងនូវវិធានការការរៀបចំប្រព័ន្ធគ្រប់គ្រងចរាចរណ៍ឲ្យកាន់តែទំនើប រួមទាំងបង្កើតកម្មវិធីផ្សេងៗ ពាក់ព័ន្ធការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា តាមសាលារៀន និងការបង្កើតនូវ ខ្សែភាពយន្តអប់រំខ្លីជាដើម ។
ឯកឧត្តម អេង គឹមហៃ ប្រធានសមាគមសហភាពយន្តនៃកម្ពុជា បានលើកឡើងថា ខ្សែភាពយន្ត អប់រំខ្លី ស្តីពីសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ដែលមានខ្សែរឿងអប់រំចំនួន៣រឿង រឿងទី១ ព្រោះតែអូន រឿងទី២ ខកបំណង និងរឿងទី៣ មហាវិថីគ្រោះថ្នាក់ ត្រូវបានបង្កើតឡើង ដែលសាច់រឿងអប់រំខ្លីនេះ មានគោលបំណងអប់រំអំពីកត្តាហានិភ័យ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ព្រមទាំងផ្សព្វផ្សាយដល់សាធារណជនឲ្យបានជ្រួតជ្រាប និងឈានទៅដល់ការផ្លាស់ប្តូរឥរិយាបថ ដោយការបើកបរប្រកបដោយការគោរពច្បាប់ និងរក្សាសុវតិ្ថភាពចរាចរណ៍ ។
ឯកឧត្តម បានអំពាវនាវឱ្យមានការជួយផ្សព្វផ្សាយពីខ្សែភាពយន្តអប់រំខ្លីៗទាំងអស់នេះ ឲ្យបានទូលំទូលាយ ផ្សារភ្ជាប់ជាមួយការរឹតបន្តឹងអនុវត្តច្បាប់ សី្តពីចរាចរណ៍ផ្លូវគោក ៕ អត្ថបទ៖ បាន សុខរិទ្ធិ
